ហ្វីលីពីន និងសម្ព័ន្ធមិត្ត ចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹក ចំពេលមានភាពតានតឹងកើនឡើង នៅតំបន់អាស៊ីប៉ាស៊ីហ្វិក

(ម៉ានីល)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ គឺ កងកម្លាំងមកពីទីក្រុងម៉ានីល ចក្រភពអង់គ្លេស កាណាដា ជប៉ុន និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នារយៈពេលពីរសប្តាហ៍ នៅក្នុងដែនទឹក ហ្វីលីពីននៅក្នុង «ការបង្ហាញកម្លាំង» ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង។

សមយុទ្ធនេះមានអ្នកចូលរួមជាង ១,៨០០នាក់ ធ្វើឡើងបន្ទាប់ពីមានវិធានការរបស់ទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន ក្នុងការរារាំងអ្នកនេសាទហ្វីលីពីន ចូលទៅកាន់ដែនទឹកដែលមានជម្លោះ បំផុតរបស់អាស៊ី គឺតំបន់ Scarborough Shoal ដែលគ្រប់គ្រងដោយចិននៅសមុទ្រចិនខាងត្បូង។

កងទ័ពជើងទឹកហ្វីលីពីនបានបញ្ជាក់ថា សមយុទ្ធ «Sama Sama» នៅឆ្នាំនេះ ត្រូវបានធ្វើឡើងនៅ ភាគខាងត្បូងកោះ Luzon ហើយសមយុទ្ធនេះ រួមមានការប្រឆាំងនាវាមុជទឹក ការការពារដែន អាកាស ការស្វែងរក និងជួយសង្គ្រោះ និងវិស័យផ្សេងៗទៀត។

មេបញ្ជាការកងទ័ពជើងទឹកហ្វីលីពីន លោក Toribio Adachi បាននិយាយនៅក្នុងពិធីបើកដូច្នេះ ថា «ជាមួយនឹងការបង្ហាញកម្លាំង និងការចូលរួមយ៉ាងសកម្មរបស់សម្ព័ន្ធមិត្ត និងដៃគូរបស់យើង សមយុទ្ធ «Sama-Sama» នឹងលើសពីការធ្វើសមយុទ្ធយោធាធម្មតា»

លោកបានសង្កត់ធ្ងន់ថា «វាគឺជានិមិត្តសញ្ញានៃភាពជាដៃគូយូរអង្វែងរបស់យើង និងការប្តេជ្ញាចិត្ត រួមគ្នាចំពោះសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»