UN អនុម័តលើការបញ្ជូនកងកម្លាំងអន្តរជាតិ ទៅកាន់ហៃទី ដើម្បីជួយបង្រ្កាបអំពើហិង្សាបង្កឡើង ដោយពួកជនពាល


(យូអិន)៖ តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ អោយដឹងថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើការបញ្ជូន កងកម្លាំងចម្រុះជាតិសាសន៍ទៅកាន់ប្រទេសហៃទី ដើម្បីជួយដល់ រដ្ឋាភិបាលនៃប្រទេសក្នុងតំបន់ Caribbean មួយនេះ បញ្ឈប់ការរីករាលដាលនៃអំពើហិង្សាបង្កឡើងដោយពួកជនពាល។

សមាជិកទាំង១៥ ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខ UN បានបោះឆ្នោតក្នុងសំឡេងគាំទ្រលើសលប់ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) ដោយក្នុងនោះមានប្រទេសចំនួន១៣ បានបោះ ឆ្នោតគាំទ្រដល់បេសកកម្មមួយដឹកនាំដោយប្រទេសកេនយ៉ា ក្នុងប្រទេសហៃទី។ ប្រទេសចំនួន២ គឺ រុស្ស៉ី និងចិន បានបោះឆ្នោតអនុប្បវាទ ដោយសំអាងពីការព្រួយបារម្ភពីភាពចលាចលក្នុងប្រទេស ហៃទី បង្កឡើងដោយការលូកលាន់ពីបរទេស។

នាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry បានស្នើសុំជំនួយពីអន្តរជាតិម្ដងហើយម្ដងទៀត អស់រយៈ ពេលជាងមួយឆ្នាំមកនេះចំពោះមុខការកើនឡើង នៃអំពើហិង្សាបង្កឡើងដោយពួកជនពាល ដែល បង្កទៅជាអសន្តិសុខយ៉ាងខ្លាំងក្នុងប្រទេសមួយនេះ។ UN បានវាយតម្លៃថាមនុស្ស៥.២លាននាក់ ឬស្មើនឹងជាងពាក់កណ្ដាលនៃប្រជាជនសរុបហៃទី បច្ចុប្បន្នកំពុងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ខណៈអំពើហិង្សាបានបង្ខំឱ្យមនុស្សជិត ២០០,០០០នាក់ ភៀសខ្លួន ហើយមនុស្ស ៣,០០០នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ២០២៣នេះ និងជាង ១,៥០០នាក់ផ្សេងទៀតត្រូវបានចាប់ពង្រត់ ដើម្បីជំរិត ទារប្រាក់៕