ខេត្តកោះកុង(កម្ពុជា) ខេត្តគៀនយ៉ាង (វៀតណាម) បានកំពុងនឹងបន្តពង្រីកចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ តាមរយៈការជួបប្រជុំ

កោះកុង÷ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៣ លោក ស្រេង ហុង អភិបាលរង ខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលអញ្ជើញស្វាគមន៍ លោកវរសេនីយ៍ឯក កៅ មិញ ឌឹម ស្នងការរងនយោបាយ នៃគណៈបញ្ជាការយោធាខេត្តគៀនយ៉ាង ក្នុងកិច្ចប្រជុំពិភាក្សាវាយ តម្លៃពីស្ថានភាពជាក់ស្ដែង នៃការគ្រប់ គ្រង ការពារសំណង់ស្តូបអនុស្សារីយ៍មិត្តភាពកម្ពុជា-វៀតណាម។

ប្រសាសន៍ក្នុងកិច្ចប្រជុំ លោកអភិបាលរង ខេត្ត បានលើកឡើងថា ថ្ងៃនេះជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត តំណាងលោកជំទាវអភិបាលខេត្ត និងក្នុងនាមខ្ញុំផ្ទាល់ ព្រម ទាំងសហការីទាំងអស់នៅទីនេះ មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្ដែង នូវការស្វាគមន៍ ចំពោះវត្តមានរបស់ លោកវរសេនីយ៍ឯក កៅ មិញ ឌឹម ស្នងការរងនយោបាយ គណៈបញ្ជាការយោធាខេត្តគៀនយ៉ាង និងប្រតិភូទាំងអស់ ដែលបានអញ្ជើញមកកាន់ខេត្តកោះកុង ក្នុងទស្សនកិច្ចទីតាំងសំណង់ស្តូបអនុស្សារីយ៍ មិត្តភាពកម្ពុជា-វៀតណាម និងចូលរួមកិច្ចប្រជុំពិភាក្សាវាយតម្លៃពីស្ថានភាពជាក់ស្តែង នៃការគ្រប់គ្រង ការពារសំណង់ សំដៅដល់ការជួសជុល បរិវេណនិងតួសំណង់ស្តូប កែលម្អនិងតុងតែងសួនបន្ថែម សម្រាប់ឱ្យសាធារណជនទូទៅ ភ្ញៀវទេសចរណ៍ ធ្វើការកម្សាន្ត និងលំហែរកាយ ជាពិសេស ដើម្បីថែរក្សាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួម និងឯកភាពទឹកដីវៀត ណាម ក្នុងអំឡុងទសវត្សរ៍៦០-៧០ និងជាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលិកម្មរបស់កងទ័ព និងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍កម្ពុជា ប្រជាធិបតេយ្យ នៅទសវត្សរ៍ ៧០-៨០។

លោកស្រេង ហុង អភិបាលរងខេត្ត បាន បញ្ជាក់ជូនជ្រាបថា ក្រៅពីសំណង់ស្តូបមិត្តភាព កម្ពុជា-វៀតណាម ដែលជាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួម និងឯកភាពទឹកដីវៀតណាម និងជាសក្ខីភាពនៃការដឹងគុណ និងការចងចាំចំពោះពលិកម្មរបស់កងទ័ព និងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យ នោះ ខេត្តកោះកុង (កម្ពុជា) និងខេត្តគៀនយ៉ាង (វៀតណាម) បានកំពុងនឹងបន្តពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា តាមរយៈការជួបប្រជុំ និងការផ្លាស់ប្ដូរទស្សនកិច្ចគ្នាទៅវិញទៅមក នាបណ្តាឆ្នាំកន្លងមកដូចជា កិច្ចប្រជុំចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍ នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីកម្មពីសម័យសង្គ្រាមនៅកម្ពុជា លើទឹកដីខេត្តកោះកុង។ កិច្ចប្រជុំចុះហត្ថលេខាលើកំណត់ហេតុប្រគល់ទទួលអដ្ឋិធាតុ និងកម្មវិធីជូនពរក្នុងឱកាសពិធីបុណ្យ ប្រពៃណីជាតិផ្សេងៗទៀត របស់ប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)។

លោកស្រេង ហុង អភិបាលរងខេត្ត បន្ថែមថា ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្ត ភាព នៃខេត្តយើងទាំងពីរ (កោះកុង-គៀនយ៉ាង) នឹងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដើម្បីភាពរីកចំរើន និងភាពសុខ ក្សេមក្សាន្តរបស់ប្រជាជន នៃខេត្តយើងទាំងពីរ៕ដោយ សេន ពិសិដ្ឋ