(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បាន បង្ហាញពីការព្រួយបារម្ភចំពោះពលករខ្មែរដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសដោយខុសច្បាប់ ហើយអាចធ្លាក់ចូលក្នុងអំពើជួញដូរមនុស្ស ឬការរំលោភបំពានតាមគ្រប់រូបភាព។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅបន្ដរបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើទារុណកម្ម នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បានណែនាំអាជ្ញាធរតាមព្រំដែនទាំងអស់ ត្រូវបន្ដទប់ស្កាត់ការ លួច នាំមនុស្សចេញពីក្នុងប្រទេស ដើម្បីទៅធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស។

ជាមួយគ្នានេះ ឯកឧត្តម អភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ក៏បានជំរុញផងដែរឲ្យយកចិត្តទុកដាក់ ស្រាវជ្រាវជួយអន្ដរាគមន៍ដល់អ្នកដែលបានរងគ្រោះ នៅពេលទទួលបានព័ត៌មានថា ពួកគាត់ទាំង អស់កំពុងចាញ់បោកគេនៅក្រៅប្រទេស។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវទៅដល់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសខេត្តជាប់ព្រំដែនប្រទេសទាំងបី ថៃ វៀតណាម និងឡាវ មេត្តាពិនិត្យ ហើយជាពិសេសជន រងគ្រោះទាំងអស់នោះភាគច្រើន ជានារីក្មេងក្រោមអាយុ១៨ឆ្នាំ។ អញ្ចឹងហើយបើមានការលួចនាំតាមរយៈមេខ្យល់ ឬមួយនាំជាក្រុម ទៅតាមព្រំប្រទល់អន្ដរជាតិមួយ ចំនួន ឬច្រកទ្វារភាគីមួយចំនួនសូមពិនិត្យ»។
ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា បានអះអាងថា ករណីនេះជារបៀបរបបជួញដូរមនុស្សនេះធ្លាប់ កើតមាននៅប្រទេសអឺរ៉ុបមួយចំនួនដែលជាបទពិសោធន៍រួចទៅហើយ ប៉ុន្ដែឥលូវរឿងនេះចាប់ ផ្ដើម សាយភាយសារជាថ្មី។ តែទោះជាយ៉ាងណា ក្នុងករណីរកឃើញថា ពលរដ្ឋខ្មែរនៅក្រៅប្រទេស កំពុងធ្លាក់ចូលអន្ទាន់នេះសមត្ថកិច្ចកម្ពុជាក៏បានជួយអន្ដរាគមន៍បានដោយជោគជ័យជាបន្ដបន្ទាប់ផងដែរ ជាក់ស្ដែងប៉ុន្មានថ្ងៃមុននេះបានជួយពលករខ្មែរ៦នាក់ នៅប្រទេសឡាវ។
សូមរំលឹកថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បាន ទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន៧រូប ដែលបានបង្ហោះ សារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពី កន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់ពួកគាត់ទៅប្រទេសទី៣។
ក្រោយពីបានទទួលពត៌មាននេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ បានសុំការ សហការភ្លាមពីអជ្ញាធរឡាវ ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរទាំង ៧រូបនោះ។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវ ឲ្យផ្តល់ ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយសហការជាមួយសមត្ថកិច្ចឡាវ។
រហូតមកដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ, នារីខ្មែរ៦រូប ត្រូវបានជួយសង្គ្រោះនិងកំពុងស្ថិត នៅកន្លែងមានសុវត្ថិភាព និងមានការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក ស្ថានទូតបាន និងកំពុង បន្តសហការជាមួយកម្លាំងសមត្ថកិច្ចឡាវ បន្តខិតខំជួយសង្គ្រោះនារីខ្មែរ១រូបទៀត៕































