អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមថ្លែងសន្ទរកថាគន្លឹះ ក្នុងវេទិកាតុមូលអាស៊ានលើកទី៣៨ នៅប្រទេសសិង្ហបុរី


 (សិង្ហបុរី)៖ តបតាមការអញ្ជើញរបស់វិទ្យាស្ថាន ISEAS-Yusof Ishak Institute នៅព្រឹកថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួម ថ្លែងសន្ទរកថាគន្លឹះ ក្នុងវេទិកាតុមូលអាស៊ានលើកទី៣៨ នៅប្រទេសសិង្ហបុរី។

អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា តួនាទី និងសារៈសំខាន់របស់អាស៊ាន នៅតែចាំបាច់ ណាស់នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ស្របពេលដែលពិភពលោកមានភាពមិនច្បាស់លាស់កាន់ តែខ្លាំងឡើងៗ។ ដោយឡែកនៅរសៀលថ្ងៃអង្គារ ដដែលនេះ ឯកឧត្តម បណ្ឌិត កៅ គឹមហួន បាន ជួប ពិសាបាយការងារថ្ងៃត្រង់ជាមួយលោក Ng Boon Heong នាយកប្រតិបត្តិមូលនិធិ Temasek។

នៅក្នុងឱកាសនោះភាគីទាំងពីរបានពិភាក្សារិះរកមធ្យោបាយដើម្បីបន្ថែមតម្លៃដល់ភាពជាដៃគូដែលមានស្រាប់រវាងលេខាធិការដ្ឋានអាស៊ាន និងមូលនិធិ Temasek រួមទាំងតាមរយៈការគាំទ្ររបស់ មូលនិធិ Temasek ដល់ពានរង្វាន់អាស៊ាន ដែលជាពានរង្វាន់ឈានមុខគេថ្នាក់តំបន់ ក្នុងការទទួល ស្គាល់បុគ្គលរូបណាដែលបានចូលរួមចំណែកគួរឱ្យកត់សម្គាល់ដល់ការលើកកម្ពស់សមាហរណកម្មថ្នាក់តំបន់របស់អាស៊ាន៕