លោក Sunak តែងតាំងអតីតនាយករដ្ឋមន្ត្រី លោក David Cameron ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ ចក្រភពអង់គ្លេស


(ឡុងដ៍)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP គឺ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកានេះបានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក David Cameron ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ចក្រភពអង់គ្លេស អំឡុងការរុះរើគណៈរដ្ឋមន្ត្រីជា លើកដំបូងបំផុតចាប់តាំងពីលោកបានឡើងកាន់អំណាចកាលពីខែតុលា ឆ្នាំ២០២២មក។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយបន្ទាប់ពីការប្រកាសផ្ដល់តួនាទីថ្មីសម្រាប់រូបលោក លោក Cameron ក៏បានលើកឡើងដែរថាចក្រភពអង់គ្លេស កំពុងប្រឈមមុខនឹងបញ្ហាប្រឈម អន្តរជាតិជាកញ្ចប់ ក្នុងនោះរួមមានសង្រ្គាមនៅអ៊ុយក្រែន និងវិបត្តិនៅក្នុងតំបន់មជ្ឈិមបូព៌ា។  «ទោះជាខ្ញុំបានចាកចេញពី សមរភូមិនយោបាយអស់រយៈពេល ៧ឆ្នាំមកនេះក៏ដោយ ក៏ខ្ញុំសង្ឃឹម ថាបទពិសោធន៍របស់ខ្ញុំ ក្នុងនាមជាមេដឹកនាំអភិរក្សនិយមម្នាក់អស់រយៈពេល ១១ឆ្នាំ និងជានាយក រដ្ឋមន្ត្រីអស់ ៦ឆ្នាំ នឹងអាចជួយខ្ញុំ ដើម្បីជួយលោកនាយករដ្ឋមន្ត្រីដោះស្រាយបញ្ហាប្រឈមទាំងនេះ»។ នេះជាការបញ្ជាក់របស់លោក David Cameron៕