ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី៖ រុស្ស៉ី និងឥណ្ឌា កំពុងពិភាក្សាអំពីការរួមគ្នាផលិតអាវុធសម្រាប់យន្តហោះ ចម្បាំង


(មូស្គូ)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ RIA នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអោយដឹងថា ក្រុមហ៊ុនផលិតអាវុធ Rosoboronexport របស់រុស្ស៉ីកំពុងពិភាក្សា ជាមួយក្រុមហ៊ុនឥណ្ឌា អំពីការរួមគ្នាផលិតអាវុធសម្រាប់យន្តហោះចម្បាំង ដល់កងទ័ពអាកាស ឥណ្ឌា។

RIA បានដកស្រង់សម្តីរបស់លោក Alexander Mikheyev អគ្គនាយកក្រុមហ៊ុន Rosoboronexport ដែលគូសបញ្ជាក់ថា «Rosoboronexport កំពុងធ្វើការជាមួយក្រុមហ៊ុនឯកជន និងសាធារណៈរបស់ឥណ្ឌា ដើម្បីរៀបចំការផលិតអាវុធសម្រាប់យន្តហោះ និងបញ្ជូនទៅឲ្យកង ទ័ពអាកាសនៅក្នុង ប្រទេសឥណ្ឌា»។ ប៉ុន្តែ ចំពោះមិនមានព័ត៌មានលម្អិតអំពីក្រុមហ៊ុនឥណ្ឌាណា ខ្លះនឹងចូលរួមក្នុងដំណើរការនេះ ឬពេលណាចាប់ផ្តើមផលិតនោះទេ។ លោក Mikheyev បាន បន្ថែមថា កន្លងមក Rosoboronexport និងដៃគូផ្សេងទៀតធ្លាប់ផលិតឲ្យក្រសួងការពារជាតិឥណ្ឌា នូវយន្តហោះចម្បាំង Su-30MKI រថក្រោះ រថពាសដែក និងគ្រាប់ផ្លោង។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ វិទ្យាស្ថាន Stockholm International Peace Research រុស្ស៉ីនៅតែបន្តជាអ្នកផ្គត់ផ្គង់សព្វាវុធធំបំផុតរបស់ ឥណ្ឌា ដោយបានចំណែកនាំចូលសម្រាប់វិស័យ ការពារជាតិក្នុងអត្រា ៤៥% កាលពីឆ្នាំ ២០២២។ នៅដើមឆ្នាំ ២០២៣នេះ ប្រទេសទាំងពីរ ទើប នឹងបានចាប់ផ្តើមការផលិតរួមគ្នានូវកាំភ្លើង AK-203 Kalashnikov៕