អ៊ុយក្រែនថា រុស្ស៉ីបង្កើនការទម្លាក់គ្រាប់បែក លើទីក្រុង Avdiivka


(កៀវ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺ យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ការប្រយុទ្ធគ្នា គឺកាន់តែខ្លាំងឡើងនៅជុំវិញទីក្រុង Avdiivka ស្ថិតនៅភាគខាងកើត អ៊ុយក្រែន ខណៈរុស្ស៉ីកំពុង បង្កើនការទម្លាក់គ្រាប់បែក និងព្យាយាមឆ្ពោះទៅមុខជាមួយកងទ័ពថ្មើរជើង។

អ្នកនាំពាក្យយោធាអ៊ុយក្រែន លោក Oleksandr Shtupun បានប្រាប់ទូរទស្សន៍ជាតិថា «ការប្រយុទ្ធ គ្នាកំពុងបន្តរយៈពេល ២ថ្ងៃកន្លងមកនេះ។ កងកម្លាំងរុស្ស៉ី ដែលកំពុងកាន់កាប់ទឹកដីអ៊ុយក្រែនក្នុង តំបន់ បានបង្កើនការទម្លាក់គ្រាប់បែកចេញពីយន្តហោះចម្បាំង Su-35»។ លោក Shtupun បានបន្ថែមថា «សត្រូវ (រុស្ស៉ី) ក៏កំពុងចល័តកងទ័ពថ្មើរជើងកាន់តែច្រើនឡើងៗ។ ប៉ុន្តែ នៅពេលពួក គេព្យាយាមដាក់ពង្រាយរថពាសដែក កាលពីថ្ងៃ ម្សិលមិញ រថក្រោះពីរគ្រឿង និងយានជំនិះ ១៤ គ្រឿងផ្សេងទៀត ត្រូវបានបំផ្លាញទាំងអស់»

គួរបញ្ជាក់ថា កងកម្លាំងរុស្ស៉ី បានបង្កើនការវាយលុកលើភាគខាងកើតអ៊ុយក្រែន ចាប់តាំងពីបរាជ័យ នៅទីក្រុងកៀវនៅដើមទីនៃសង្រ្គាម ហើយចាប់តាំង ពីពាក់កណ្តាលខែតុលាកន្លងទៅនេះមក រុស្ស៉ី បានជំរុញការវាយដណ្តើមយកទីក្រុង Avdiivka ដែលស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រ ពីទីតាំង ដែល ខ្លួនគ្រប់គ្រងនៃតំបន់ Donetsk៕