(ណៃពិដោ)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាក់ថា ក្រុមអ្នកប្រយុទ្ធនៃចលនាតស៊ូប្រដាប់អាវុធជនជាតិភាគតិចមួយ បានបន្ត បង្កើនការវាយលុករបស់ពួកគេ លើកងកម្លាំងសន្តិសុខនៃរបបសឹកមីយ៉ាន់ម៉ា នៅរដ្ឋ Rakhine ភាគខាងលិចប្រទេស នាថ្ងៃអង្គារនេះ ពោលគឺ២ថ្ងៃជាប់គ្នា។

អ្នកនាំពាក្យរបស់ចលនាប្រដាប់អាវុធ Arakan Army (AA) បានអះអាងថា កាលពីព្រឹកថ្ងៃអង្គារនេះ ក្រុមអ្នកប្រយុទ្ធពួកគេដណ្តើមបាន ប៉ុស្តិ៍ឈរជើងមួយកន្លែង របស់កងកម្លាំងប៉ូលិសព្រំដែន នៅភូមិ Chinkhali នៃរដ្ឋ Rakhine ហើយចលនា AA បានវាយប្រហារលើប៉ុស្តិ៍យោធាមួយចំនួន នៅលើ ជម្រាលភ្នំ២កន្លែង ក្នុងតំបន់ Paletwa នៅរដ្ឋក្បែរខាងគ្នាគឺរដ្ឋ Chin ថែមទៀត។
កាលពីថ្ងៃចន្ទសប្តាហ៍នេះ ចលនា AA បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខ នៅឯតំបន់ Rathedaung, Maungdaw, និង Minbya នៃរដ្ឋ Rakhine ដោយអ្នកប្រយុទ្ធរបស់ខ្លួន៦នាក់ និងកងកម្លាំងសន្តិសុខ១០នាក់ បានបាត់បង់ជីវិត។ ចលនាប្រដាប់អាវុធមួយនេះ បានចំណាយ ពេលរាប់ឆ្នាំមកហើយ ក្នុងការប្រយុទ្ធតស៊ូដើម្បីព្យាយាមទាមទារស្វ័យភាព សម្រាប់ជនជាតិភាគតិច នៃរដ្ឋ Rakhine ហើយក៏មានវត្តមាននៅរដ្ឋ Chin ផងដែរ។
កាលពីខែតុលាកន្លងទៅ ចលនា Arakan Army បានបើកប្រតិបត្តិការវាយលុករួមគ្នា ជាមួយចលនា ប្រដាប់អាវុធជនជាតិភាគតិច២ផ្សេងទៀត ប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅពាសពេញមួយផ្នែកធំនៃរដ្ឋ Shan ភាគខាងជើងប្រទេស ក្បែរព្រំប្រទល់ចិន។ ចលនា AA, Myanmar National Democratic Alliance Army (MNDAA), និង Ta’ang National Liberation Army (TNLA) ដណ្តើមបានក្រុងយុទ្ធសាស្រ្តមួយចំនួន ហើយបានបិទខ្ទប់ច្រកពាណិជ្ជ កម្មសំខាន់ចំនួន២ ជាមួយប្រទេសចិន ព្រមទាំងគ្រប់គ្រងបានច្រកព្រំដែនសំខាន់មួយ៕































