ក្រុមប្រឹក្សាសន្តិសុខ UN អនុម័តដំណោះស្រាយអំពាវនាវឱ្យ មានបទឈប់បាញ់មនុស្សធម៌ ក្នុងសង្រ្គាមនៅហា្កហ្សា


(យូអិន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បញ្ជាក់ថា ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បានអនុម័តលើ ដំណោះស្រាយមួយអំពាវនាវ ឱ្យមានការពង្រីកបទឈប់បាញ់មនុស្សធម៌មួយជាបន្ទាន់ នៅក្នុង សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា ដើម្បីជួយសម្រួលដល់ កិច្ចការផ្ដល់ ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលប៉ាឡេស្ទីន។

នេះគឺជាការអនុម័តជាលើកដំបូងលើដំណោះស្រាយមួយ ចាប់តាំងពីសង្រ្គាមដ៏បង្ហូរឈាមរវាងអ៉ី ស្រាអែល និងហាម៉ាសផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា មក។ ដំណោះស្រាយនេះដែរត្រូវបានព្រាងឡើងដោយប្រទេសម៉ាល់ត៍ និងទទួលបានការអនុម័តយល់ព្រម ពីសមាជិកចំនួន ១២ នៅក្នុងចំណោម សមាជិកទាំង១៥ នៃក្រុមប្រឹក្សាសន្តិសុខ UN។ ចំណែក សហរដ្ឋអាមេរិក រុស្ស៉ី និងចក្រភពអង់គ្លេសដែលសុទ្ធតែមានអំណាចវេតូ បានអនុបវាទលើ ដោះ ស្រាយនេះនេះក្នុងការបោះឆ្នោតកាលពីថ្ងៃពុធ។

ដំណោះស្រាយព្រាងឡើងដោយប្រទេសម៉ាល់ត៍ បានអំពាវនាវឱ្យមានការពង្រីកបទឈប់បាញ់ មនុស្សជាបន្ទាន់ និងបើកច្រករបៀងនៅទូទាំងតំបន់ ហ្កាហ្សា ដើម្បីជួយសម្រួលដល់ការផ្ដល់ជំនួយ ទៅដល់ប្រជាជនស៊ីវិល ព្រមទាំងអំពាវនាវផងដែរឱ្យមានការដោះលែងចំណាប់ខ្មាំងជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ៕