សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានបទឈប់បាញ់ទេ ច្បាស់ណាស់ថា តំបន់ហ្គាហ្សា នឹងក្លាយ ជាវាលពិឃាត ដែលមនុស្សទាំងឡាយ មិនធ្លាប់ឃើញនៅក្នុងប្រវត្តិសាស្ត្រ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ខណៈ សង្គ្រាមអ៉ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន កំពុងផ្ទុះឡើង ដោយសម្តេចបានជឿជាក់ថា ប្រសិនបើគ្មានបទឈប់បាញ់ទេ ច្បាស់ណាស់ថា តំបន់ហ្គាហ្សា នឹងក្លាយជាវាលពិឃាត ដែល​មនុស្សទាំងឡាយ មិនធ្លាប់ឃើញនៅក្នុងប្រវត្តិសាស្ត្រ។

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងបែបនេះ ក្នុងឱកាស ដែលសម្តេច ចូលរួមមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

រយៈពេលជាង ១ខែមកហើយ សង្គ្រាមថ្មី រវាងអ៉ីស្រាអែល និងហាម៉ាស់ប៉ាឡេស្ទីន នៅមជ្ឈឹមបូព៌ា បានផ្ទុះឡើង បន្ទាប់ពីហាម៉ាស់ បានបើកការវាយប្រហារ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ ការវាយបករបស់អ៉ីស្រាអែល នៅតំបន់នេះ មានភាពសាហាវខ្លាំងក្លា ដោយបានខ្ទប់សម្លាប់មនុស្ស រាប់ម៉ឺននាក់។

សម្តេចបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យជួយស្វែងរកនូវការសន្ទនា បទឈប់បាញ់នៅ តំបន់ហ្គាហ្សា។ សម្តេចបានអះអាងថា បើគិតជាទឹកដី ទំហំនៃការកាប់សម្លាប់លើទឹកដីដ៏តូចនៃ តំបន់ហ្គាហ្សានេះ ​គឺមានចំនួនអ្នកស្លាប់ និងរងគ្រោះច្រើនជាងកម្ពុជា ក្នុងរបបវាលពិឃាតទៅទៀត។ សម្តេចបានបញ្ជាក់ថា របបប៉ុលពត ពលរដ្ឋខ្មែរស្លាប់៣លាននាក់ តែកម្ពុជានៅលើផ្ទៃដី ១៨១,០៣៥ គីឡូម៉ែត្រការ៉េ ប៉ុន្តែតំបន់ហ្គាហ្សាមានទំហំផ្ទៃដីតូចណាស់ បើគិតជាម៉ែត្រការ៉េ គឺមានចំនួនប្រជាជន ស្លាប់ច្រើនពេកហើយ។

សម្តេចបញ្ជាក់ដូច្នេះថា៖ «ប្រសិនបើគ្មានបទឈប់បាញ់ទេ ច្បាស់ណាស់ថា ទីនោះក្លាយជាវាល ពិឃាត ដែលមនុស្សទាំងឡាយ មិនធ្លាប់ឃើញនៅក្នុងប្រវត្តិនៃការកាប់សម្លាប់បែបនេះនោះទេ»

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីតម្លៃសន្តិភាពដែលកម្ពុជាមានពេល នេះ ហើយត្រូវការឱ្យបាននូវសន្តិភាព ព្រោះថានៅលើពិភពលោកបច្ចុប្បន្ន សង្គ្រាមកំពុងផ្ទុះឡើង នៅទីកន្លែងជាច្រើន។ សម្តេចជំរុញឲ្យយក បញ្ហាសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៉ីស្រា អែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីន ធ្វើជាការផ្តល់មេរៀនសម្រាប់យើងទាំងអស់គ្នាថា «សូមកុំចាំ បាត់សន្តិភាព បានស្វែងរកសន្តិភាព»

សម្តេចបានគូសបញ្ជាក់បន្ថែមថា «ការប៉ុនប៉ងដើម្បីបង្កអស្ថិរភាពនៅក្នុងប្រទេសយើង នៅតែមាន តាមរយៈបដិវត្តន៍ពណ៌ ខ្ញុំក៏សូមបញ្ជូនសារពីទីនេះ ទៅកាន់ដៃគូអភិវឌ្ឍរបស់យើង សូមបញ្ឈប់នូវ ការជ្រៀតជ្រែង និងតាមរយៈការប្រើប្រាស់នូវជំនួយរបស់ខ្លួន ក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស​ដើម្បីបង្កអស្ថិរភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា»

សម្តេចតេជោសង្ឃឹមថា មិត្តភក្តិបរទេសទាំងអស់ នឹងយល់ពីភាពចាំបាច់របស់កម្ពុជា ដើម្បីរក្សានូវ​សន្តិភាពរបស់ខ្លួន៕