អគ្គលេខាធិការអាស៊ាន ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី

 (ឥណ្ឌូណេស៊ី)៖ ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងឱកាសនោះឯកឧត្តម អគ្គលេខាធិការអាស៊ាន ក៏បានរាយការណ៍ជូនបណ្ដារដ្ឋមន្ត្រីការពារ ជាតិ អំពីការវិវត្តន៍ចុងក្រោយនៅក្នុងអាស៊ាន រួមទាំងលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤៣ កាលពីខែកញ្ញា ឆ្នាំ២០២៣ផងដែរ។ លោកក៏បានកោតសរសើរពីការងារដ៏មានសារៈសំខាន់នៃ ADMM-Plus  តាមរយៈក្រុមការងារ ជំនាញ ដែលបានជួយពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងចំណោមប្រទេសចូលរួមក្នុង ADMM-Plus ក៏ដូចជាបានចូលរួមចំណែកដ៏វិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍ អាស៊ាន។

នាព្រឹកនេះដែរឯកឧត្តម បណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញញជួបពិភាក្សាការងារជាមួយ Patrick Conroy រដ្ឋមន្ត្រីទទួលបន្ទុកឧស្សាហកម្មការពារជាតិអូស្ត្រាលី ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការ ពារជាតិអាស៊ានបូកលើកទី១០។ នៅក្នុងឱកាសនោះភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាសន្តិសុខតំបន់ និងទិសដៅបន្ត សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិអាស៊ាន-អូស្ត្រាលី។

ឯកឧត្តម បណ្ឌិត កៅ គឹមហួន ក៏បានបន្តជួបពិភាក្សាទ្វេភាគីជាមួយលោកបណ្ឌិត Gilberto Teodoro Jr. រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន។ នៅក្នុងឱកាសនោះឯកឧត្តម បណ្ឌិត កៅ គឹមហួន បានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ហ្វីលីពីន នៅក្នុងភាពរីកចម្រើននៃ កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ នៅក្នុងអាស៊ាន។ ភាគីទាំងពីរក៏បានពិភាក្សាអំពី ទិសដៅបន្ត សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកផងដែរ។

នៅរសៀលថ្ងៃដដែលនេះដែរនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយ ដាតុ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី។ ឯកឧត្តម អគ្គលេខាធិការអាស៊ាន ក៏បានគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាក់ស្តែង នៅក្នុង ចំណោមប្រទេសសមាជិកអាស៊ាន និងប្រទេសបូក ជាពិសេស ក្នុងវិស័យជំនួយមនុស្សធម៌ និង ការគ្រប់គ្រងគ្រោះមហន្តរាយ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែត និងការប្រឆាំងភេរវកម្មជាដើម។

នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូ ណេស៊ី ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារជា មួយលោក Alexander Fomin អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបាន ផ្លាស់ប្តូរទស្សនៈអំពីបញ្ហាសន្តិសុខតំបន់ និងសកលលោក ព្រមទាំងបានគូសបញ្ជាក់ពីតម្រូវការ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង នៅក្នុងចំណោមប្រទេស ADMM-Plus ផងដែរ។

ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារជាមួយឧត្តម សេនីយ Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof  រដ្ឋមន្ត្រីទីស្តីការ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិទី ២ របស់ព្រុយណេ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈអំពីការប្រឈមផ្នែកសន្តិសុខពេលបច្ចុប្បន្ន នៅក្នុងតំបន់ និងបានពិភាក្សា ពីទិសដៅបន្តសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិអាស៊ាន។

ឯកឧត្តម បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត  Donaciano Do Rosario Da Costa Gomes រដ្ឋមន្ត្រីការពារជាតិទីម័រខាងកើត។ នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានស្វាគមន៍ចំពោះការចូលរួមលើកដំបូង ក្នុង កិច្ចប្រជុំ ADMM និង ADMM-Plus របស់ទីម័រខាងកើត ក្នុងនាមជាអ្នកសង្កេតការណ៍។ លោកបណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តឱ្យទីម័រខាងកើតចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំ និង សកម្មភាពនានា នៅក្នុងវិស័យការពារជាតិអាស៊ាន។

ជាមួយគ្នានោះនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូ ណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារជា មួយឯកឧត្តម Shri Rajnath Singh រដ្ឋមន្ត្រីការពារជាតិឥណ្ឌា។ នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រ នៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ ហើយបាន លើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិកាន់តែជិតស្និទ្ធ រវាងអាស៊ាន និងឥណ្ឌា ផងដែរ៕