(កៀវ)៖ តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយ ថាការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំពីសំណាក់សម្ព័ន្ធមិត្តលោកខាងលិច សម្រាប់ប្រទេសរបស់លោក បានធ្លាក់ចុះចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសផ្ទុះឡើងកាលពីខែតុលាមក។

អ៉ីស្រាអែល ដែលទទួលបានការគាំទ្រផ្នែកយោធាពីសហរដ្ឋអាមេរិក កំពុងបន្តវាយប្រហារ លើតំបន់ ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាសបានបើក ការវាយប្រហារមួយលើភាគខាងត្បូងប្រទេសអ៉ីស្រាអែល ដោយសម្លាប់មនុស្ស ១២០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងចាប់ខ្លួនមនុស្ស ច្រើនជាង ២០០នាក់ជាចំណាប់ខ្មាំង កាលពីថ្ងៃទី៧ ខែតុលាមក។ តែព្រមពេលជាមួយគ្នា ការគាំទ្រអ៉ីស្រា អែលនៅក្នុងសង្រ្គាមជាមួយហាម៉ាស ក៏បានថយចុះផងដែរ ក្នុងបរិបទដែលក្រុមមន្ត្រីក្នុងតំបន់ហ្កា ហ្សាអះអាងថាការវាយប្រហារសងសឹករបស់អ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជាង ១១,៤៧០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា លោក ហ្សេលេនស្គី ដោយចង់ សំដៅលើការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ ១៥៥ មីលីម៉ែត្រ ដែលកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំ ទូលាយក្នុងសមរភូមិភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន បានគូសបញ្ជាក់ដូច្នេះថា «ការផ្គត់ ផ្គង់សម្រាប់ ពួកយើងបានធ្លាក់ចុះ។ តែនេះមិនមែនមានន័យថាសហរដ្ឋអាមេរិកឈប់ផ្ដល់ជំនួយដល់ពួកយើងនោះទេ គ្រាន់តែក្នុងពេល នេះ គេគ្រប់គ្នាប្រឹងប្រែង បំពេញស្ដុកអាវុធរបស់ខ្លួនឡើងវិញ។ នេះហើយគឺជាជីវិត។ ខ្ញុំមិននិយាយថានេះជារឿងវិជ្ជមានទេ តែជីវិត គឺបែបហ្នឹង ហើយយើងត្រូវការពារអ្វី ដែលជារបស់ យើង»៕
































