(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអោយដឹងថា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បាននិយាយថាសហរដ្ឋអាមេរិកនឹងជំទាស់ទៅនឹងរាល់សំណើបង្កើតតំបន់ ទ្រនាប់ការពារ នៅក្នុង តំបន់ហ្កាហ្សា ពីព្រោះថាការធ្វើបែបនេះនឹងបំពានលើគោលជំហររបស់ទីក្រុងវ៉ាស៊ីនតោន ដែលប្រកាន់ខ្ជាប់ថាទំហំនៃតំបន់ហ្កាហ្សា មិនអាចត្រូវបានកាត់បន្ថយទៀតនោះទេ ក្រោយសង្រ្គាម បច្ចុប្បន្នបិទបញ្ចប់។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ កាលពីថ្ងៃពុធ ទី៦ ខែធ្នូ (ម៉ោងនៅវ៉ាស៊ីនតោន) លោក Matthew Miller បានបញ្ជាក់ថានៅក្នុងចំណោមគោលការណ៍ របស់សហរដ្ឋអាមេរិកសម្រាប់អនាគតនៃ តំបន់ហ្កាហ្សាក្នុងនោះរួមមានទាំងការជំទាស់ទៅនឹងរាល់ការបន្ថយចំនួនដង់ស៊ីតេប្រជាជននៃតំបន់ហ្កាហ្សា។ «ដូច្នេះប្រសិនបើមានសំណើ ឬការបង្កើតតំបន់ទ្រនាប់ការពារណាមួយក្នុងតំបន់ហ្កាហ្សា នោះវានឹងក្លាយជាការបំពានលើគោលការណ៍ទាំងនេះ ហើយនេះ ជារឿងដែលយើងប្រឆាំង ជំទាស់»។ នេះជាការបញ្ជាក់របស់លោក Miller ជាមួយការបន្ថែមថាបើតំបន់ទ្រនាប់ការពារត្រូវ បង្កើតឡើងក្នុងទឹកដី អ៉ីស្រាអែល វាមិនមែនជាបញ្ហាចោទឡើយ ដ្បិតវាជាការសម្រេចចិត្តរបស់អ៉ី ស្រាអែល៕
































