ទីក្រុងទេសចរណ៍របស់អូស្រ្តាលី កំពុងប្រឈមនឹងទឹកជំនន់ ក្រោយរងឥទ្ធិពលព្យុះស៉ីក្លូន Jasper


(ស៉ីដនី)៖  យោង តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ អោយដឹងថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ អ្នកស្រុកក្នុងទីក្រុងទេសចរណ៍មួយ ចំនួន នៅភាគឦសាននៃប្រទេសអូស្រ្តាលី កំពុងទប់ទល់នឹងគ្រោះទឹកជំនន់ បន្ទាប់ពី ព្យុះស៉ីក្លូន Jasper វាយប្រហារទូទាំងតំបន់ បណ្តាលឲ្យបាក់រលំដើមឈើ កាត់ផ្តាច់អគ្គិសនី បង្ខំឲ្យជម្លៀសខ្លួន និងបិទផ្លូវធ្វើចរាចរណ៍។

នៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីចុងក្រោយ ការិយាល័យឧតុនិយមអូស្ត្រាលី បានឲ្យដឹងថា ព្យុះស៉ីក្លូន Jasper ដែលឥឡូវនេះថមថយឥទ្ធិពល ទៅជាព្យុះត្រូពិក អាចស្ថិតនៅលើភាគពាយព្យ ឆ្ពោះទៅកាន់ឈូងសមុទ្រ Carpentaria ហើយអាចបង្កើនឥទ្ធិពលជាព្យុះស៊ីក្លូនវិញ នៅចុងសប្តាហ៍ នេះ។ ថ្វីបើឥទ្ធិពលខ្យល់បានធ្លាក់ចុះក៏ដោយ តែការិយាល័យអាកាសធាតុ បានព្រមានអ្នកស្រុកនៅ តំបន់ធ្លាប់រងគ្រោះថា ភ្លៀងខ្លាំងអាចបន្តធ្លាក់នៅទីនោះក្នុងរយៈពេល ២៤ម៉ោងបន្ទាប់។

លោកស្រី Laura Boekel មន្រ្តីជាន់ខ្ពស់នៃការិយាល័យឧតុនិយមអូស្រា្តលី បានបញ្ជាក់ក្នុងសន្និ សីទសារព័ត៌មានមួយថា «នេះគឺជាការវិវត្តន៍នៃព្យុះ ហើយភ្លៀងមិនទាន់ឈប់ទេ តែវាទំនងជាល្អ ប្រសើរក្នុងថ្ងៃនេះផងដែរ។ តំបន់ខ្លះទឹកភ្លៀងមានកម្រិតរហូតដល់ ៣០០មីលីម៉ែត្រ ដែលបង្កើនការ រំពឹងទុកអំពីទឹកជំនន់ភ្លាមៗ ដែលអាចគំរាមកំហែងដល់អាយុជីវិត»