អ៉ីស្រាអែល អះអាងពីការខាតបង់ធ្ងន់ធ្ងរនៅសមរភូមិ ចាប់តាំងពីខែតុលាមក ខណៈកំពុង​ឯកោខាងការទូត


(ហ្កាហ្សា)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters គឺ អ៉ីស្រាអែល កាលពី ថ្ងៃពុធ ទី១៣ ខែធ្នូនេះបានប្រកាសពីខាតបង់ធ្ងន់ធ្ងរបំផុតរបស់ខ្លួននៅក្នុងសមរភូមិ ក្នុងរយៈពេល ជាង១ខែ មកនេះ បន្ទាប់ពីរងការវាយឆ្មក់ពីក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា និងកំពុងប្រឈមមុខនឹង ភាពឯកោខាងការទូតចំពោះមុខការអំពាវនាវឱ្យមាន បទឈប់បាញ់ និងសម្ពាធពីអន្តរជាតិ ពាក់ព័ន្ធ នឹងការបាត់បង់អាយុជីវិតជនស៊ីវិលប៉ាឡេស្ទីន។

អ៉ីស្រាអែលបានរាយការណ៍ថាទាហានរបស់ខ្លួន ១០នាក់បានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយ ហើយនេះគឺជាការបាត់បង់ ទាហានច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃ ចាប់តាំងពីទាហាន អ៉ីស្រាអែល ១៥នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃទី៣១ ខែតុលា។ ទាហានទាំង ១០នាក់នេះភាគ ច្រើនត្រូវបានសម្លាប់ក្នុងស្រុក Shejaia នៃទីក្រុងហ្កាហ្សានៃភាគខាងជើងតំបន់ហ្កាហ្សា ជាទីដែល ពួកគេត្រូវបានលួច វាយឆ្មក់ អំឡុងព្យាយាមជួយសង្រ្គោះទាហានមួយក្រុមផ្សេងទៀត ដែលត្រូវបាន វាយប្រហារដោយក្រុមហាម៉ាស នៅក្នុងអគារមួយ។ ជារួម មកទល់នឹងពេលនេះ ទាហានអ៉ីស្រា អែល ១១៥នាក់ត្រូវបានសម្លាប់ក្នុងសង្រ្គាមនៅហ្កាហ្សា។

យ៉ាងណាក៏ដោយ ថ្លែងទៅកាន់ទាហានអ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា តាមវិទ្យុទាក់ទង លោកនាយក រដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថាអ៉ីស្រាអែលនឹងបន្តធ្វើសង្រ្គាម បើទោះជាមាន សម្ពាធពីអន្តរជាតិឱ្យមានបទឈប់បាញ់ក៏ដោយ។ «យើងនឹងបន្តការប្រយុទ្ធ រហូតដល់ទីបញ្ចប់ រហូតដល់ទទួលជ័យជម្នះ និងរហូតដល់ក្រុមហាម៉ាសត្រូវបានកម្ទេច។ ខ្ញុំនិយាយបែបនេះនៅ ចំពោះមុខការឈឺចាប់ និង សម្ពាធអន្តរជាតិ។ តែគ្មានអ្វីអាចមកបញ្ឈប់ពួកយើងបានឡើយ»។ នេះជាការបញ្ជាក់ច្បាស់ៗរបស់លោក Netanyahu៕