អូស្រ្តាលីដាក់ទណ្ឌកម្មលើ Hacker រុស្ស៊ី ព្រមទាំងរឹបអូសទ្រព្យសម្បត្តិ នឹងដាក់ពន្ធនាគាររយៈពេល ១០ឆ្នាំ


(បរទេស)៖ រដ្ឋាភិបាលអូស្រា្តលី បានប្រកាសដាក់ទណ្ឌកម្មលើបុរសជនជាតិរុស្ស៊ីម្នាក់ ដែលត្រូវ បានកំណត់ថាជាបុគ្គលនៅពីក្រោយការ Hack យកទិន្នន័យរបស់ក្រុមហ៊ុនធានារ៉ាប់រងសុខភាព Mediabank។ ខណៈការស៊ើបអង្កេតមួយរយៈមកនេះបានបង្ហាញថា ជាការ Hack យកទិន្នន័យ ដ៏ធំបំផុតជាប្រវត្តិសាស្រ្ត ដែលបានលាតត្រដាងទិន្នន័យឯកជនភាពរបស់ប្រជាជនអូស្រ្តាលីសរុប រហូតដល់ទៅ ១០លាននាក់ឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន Medibank ដែលជាក្រុមហ៊ុនធានារ៉ាប់រងសុខភាពឯកជនដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលី បានទទួលរងការ វាយប្រហារតាមអ៊ីនធឺណិតដ៏ធំមួយ។ ពួក Hacker បានចូលប្រើ System របស់ក្រុមហ៊ុន និងលួច យកព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជនបច្ចុប្បន្ន និងអតិថិជនចាស់ៗសរុបចំនួន ៩.៧លាននាក់។ ចំពោះទិន្នន័យដែលត្រូវបានលួចរួមមានព័ត៌មានរសើបដូចជា ឈ្មោះ អាស័យដ្ឋាន ថ្ងៃខែឆ្នាំកំណើត លេខ Medicare និងកំណត់ត្រាវេជ្ជសាស្រ្តឯកជន។

បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនខែមក អាជ្ញាធរអូស្ត្រាលីបានកំណត់អត្តសញ្ញាណ លោក Aleksandr Ermakov ជាពលរដ្ឋរុស្ស៊ីថាជា បុគ្គលម្នាក់ក្នុងចំណោមបុគ្គលដែលចូលរួមផ្សំ គំនិតចំពោះការ Hack យកទិន្នន័យរបស់ Medibank ។ Ermakov ត្រូវបានគេជឿថាជាផ្នែកមួយនៃ ក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណិតធំមួយដែលជាប់ពាក់ព័ន្ធនឹងសកម្មភាព Hacking ផ្សេងៗ។

ដើម្បីឆ្លើយតបទៅនឹងទង្វើរអមនុស្សធម៌រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចដាក់ទណ្ឌកម្មហិរញ្ញវត្ថុជាគោលដៅ និងបម្រាមធ្វើដំណើរលើលោក Ermakov។ នេះមានន័យថា ទ្រព្យសម្បត្តិរបស់គាត់ក្នុង ប្រទេសអូស្ត្រាលីនឹងត្រូវបានបង្កក ហើយគាត់នឹងត្រូវបានហាមមិនឱ្យចេញ ចូលប្រទេសអូស្រ្តាលី នោះទេ។ ជាងនេះទៅទៀត ក្រោមការដាក់ទណ្ឌកម្មដែលបានប្រកាសនៅថ្ងៃអង្គារសប្តាហ៍នេះ លោក Ermakov នឹងត្រូវផ្តនា្ទរទោសជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំដែលស្ថិតក្រោយបទល្មើស ព្រហ្មទណ្ឌ រួមទាំង រឹបអូសទ្រព្យសម្បត្តិផងដែរ៕