លោក ហ្សេលេនស្គី ថាការវាយប្រហារដោយមីស៉ីលរុស្ស៉ីលើទីក្រុងរបស់អ៊ុយក្រែន ផ្តាច់ជីវិតមនុស្ស ១៨នាក់

 (កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា មីស៉ីលរបស់ រុស្ស៉ីដែលបានវាយប្រហារលើទីក្រុងធំៗចំនួន ២ បណ្តាលឲ្យមនុស្ស ១៨នាក់ស្លាប់ របួសចំនួន ១៣០នាក់ ហើយបានបំផ្លាញផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធនានា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។ ទីក្រុងភាគខាងកើតនៃតំបន់ Kharkiv រងការវាយប្រហារចំនួន ៣លើក ខណៈដែល ទីក្រុងកៀវ និងនៅភាគកណ្តាលអ៊ុយក្រែន រួមទាំងភាគខាងត្បូងនៃតំបន់ Kherson ទទួលរងនូវការ បាញ់ផ្លោងឥតឈប់ឈរ។ ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បាននិយាយថា រុស្ស៉ីបាន បាញ់មីស៉ីលជិត ៤០ប្រភេទខុសៗគ្នា ក្នុងការលក្ខណៈវាយប្រហាររួមដើម្បីគេចពីប្រព័ន្ធការពារដែន អាកាស។ ទីតាំងជាង ២០០ត្រូវបានវាយប្រហារ ក្នុងនោះរួមមាន ១៣៩ខ្នងផ្ទះ ដោយអ្នកស្លាប់ ច្រើនរស់នៅក្នុងអគារ ផ្ទះល្វែង។

អភិបាលក្រុង និងអាជ្ញាធរតំបន់ Kharkiv បាននិយាយថា មានមនុស្ស ៨នាក់ស្លាប់នៅក្នុងទីក្រុង ដែលរងការវាយប្រហារជាញឹកញាប់មួយនេះ។ អគារខ្ពស់ជាង ១០០បានរងខូចខាតនៅក្នុងការវាយ ប្រហារ ២លើកដំបូង ហើយការវាយប្រហារ ៣លើកទៀតនៅពេលល្ងាចទៅលើប្លុកផ្ទះល្វែង និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតធ្វើឲ្យមនុស្ស ៧នាក់រងរបួស ។ កងកម្លាំងការពារអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់មីស៉ីល ២២ក្នុងចំណោម ៤៤ប្រភេទ៕