លិខិតជូនពរ

ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី ប្រធាន បណ្តាញយុវជនក្នុងវិស័យព័ត៌មាន(ប.យ.ព) និង សហការី ទាំងអស់ ផ្ញើសារលិខិត គោរពជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត សូមគោរពជូនលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា។ ខ្ញុំបាទ ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី ប្រធាន បណ្តាញយុវជនក្នុងវិស័យព័ត៌មាន(ប.យ.ព) និង សហការី ទាំងអស់ សូមសម្តែងនូវអំណរ សាទរប្រកបដោយសេចក្តីសោមនស្សរីករាយក្រៃលែង ជូនចំពោះ លោកជំទាវបណ្ឌិត ក្នុងឱកាសប្រកបដោយសិរីមង្គលនៃទិវាខួបចម្រើនជន្មាយុ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ។

ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ខ្ញុំបាទ និង សហការី នៃបណ្តាញយុវជនក្នុងវិស័យព័ត៌មានទាំងអស់(ប.យ.ព) សូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងអស់ ពីកម្លាំងកាយ និងប្រាជ្ញាស្មារតីរបស់ លោកជំទាវបណ្ឌិត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តមដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ នៅព្រះរាជាណាចក្រកម្ពុជា ទទួលបានការសាទរ និងការគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងរយៈពេលនៃវិបត្តិសកលបង្កឡើងដោយជំងឺកូវីដ-១៩ ។ សកម្មភាពដ៏ថ្លៃថ្លានេះ បានចូលរួមចំណែកយ៉ាងសំខាន់គាំទ្រដល់ការលើកកម្ពស់ជីវភាពរស់នៅ និងគាំពារដល់សុខុមាលភាពរបស់ ប្រជាពលរដ្ឋកម្ពុជា ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមខ្ញុំបាទថ្នាក់ដឹកនាំ បណ្តាញយុវជនក្នុងវិស័យព័ត៌មាន ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក សូមបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត និង សម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបនូវពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ។ សូម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និង ជាអគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា មេត្តាទទួលនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ និង សហការី នៃបណ្តាញយុវជនក្នុងវិស័យព័ត៌មានទាំងអស់ ៕