លោក ត្រាំ ថានៅតែជឿជាក់លើរដ្ឋមន្ត្រីការពារជាតិ លោក Hegseth ជុំវិញការចែករំលែកព័ត៌មានសម្ងាត់លើកម្មវិធី Signal

(វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទ ទី២១ ខែមេសា ថារូបលោកនៅតែបន្តគាំទ្ររដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ប្រមុខមន្ទីរបញ្ចកោណរូបនេះបានចែករំលែកព័ត៌មានសម្ងាត់អំពីផែនការវាយប្រហារកាលពីខែមីនា លើក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន នៅក្នុងគ្រុបឆាតមួយផ្សេងទៀតដែលរួមមានបញ្ចូលទាំងភរិយា បងប្អូន និងមេធាវីផ្ទាល់ខ្លួនរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការទម្លាយថាលោក Hegseth បានប្រើប្រាស់កម្មវិធីផ្ញើសារ Signal ដើម្បីចែករំលែកព័ត៌មានសន្តិសុខរសើបៗជាលើកទី២ កើតមានឡើងចំពេលមានភាពមិនច្បាស់លាស់ចំពោះរូបលោកផ្ទាល់ និងមន្ទីរបញ្ចកោណ ជាទីដែលមន្ត្រីជាន់ខ្ពស់មួយចំនួនត្រូវបានបណ្ដេញចេញពីការងារកាលពីសប្ដាហ៍មុន ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតផ្ទៃក្នុង។ តែទោះជាយ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ លោក ត្រាំ នៅតែបង្ហាញការគាំទ្រ ចំពោះលោក Hegseth។ លោក ត្រាំ បាននិយាយថា «លោក Hegseth កំពុងធ្វើការងារដ៏អស្ចារ្យ។ អ្នកគ្រប់គ្នារីករាយជាមួយគាត់»។ នៅពេលត្រូវបានសាកសួរថាតើរូបលោកនៅតែមានទំនុកចិត្តលើលោក Hegseth ដែរឬទេ? លោក ត្រាំ បានឆ្លើយថាពិតណាស់ លោកមានទំនុកចិត្តលើលោកប្រមុខការពារជាតិអាមេរិក។ ព្រមពេលជាមួយគ្នា អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ក៏បានច្រានចោលផងដែរ សេចក្ដីរាយការណ៍របស់វិទ្យុជាតិអាមេរិក (National Public Radio) ដែលថាលោក ត្រាំ កំពុងចាប់ផ្ដើមស្វែងរកមនុស្សមកជំនួសលោក Hegseth៕