រដ្ឋមន្ដ្រីសុខាភិបាល ស្នើដល់ឆ្មបទូទាំងប្រទេស ត្រូវពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជួយសង្រ្គោះ និងថែទាំសុខភាពមាតា ទារក និងកុមារ ប្រកបដោយភាពកក់ក្ដៅ និងជឿជាក់

(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ឆ្មបបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពិគ្រោះផ្តល់យោបល់ ផ្តល់សេវាថែទាំជូនដល់ស្រ្តីមានផ្ទៃពោះ រួមទាំងទារក ទាំងមុនសម្រាល កំពុងសម្រាល និងក្រោយសម្រាល ដូចគ្រប់ឆ្មបទាំងអស់ ត្រូវពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈជាឆ្មបឱ្យបានត្រឹមត្រូវ ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាជន ប្រកបដោយភាពកក់ក្ដៅ និងការជឿជាក់។

ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ» ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

លោកសាស្រ្ដាចារ្យ ឈាង រ៉ា បានថ្លែងថា «ឆ្មប ជាអ្នកផ្ដល់ភាពកក់ក្ដៅ និងជាអ្នកមើលការខុសត្រូវដល់ក្រុមគ្រួសារប្រជាជនយើងទូទាំងប្រទេស ព្រោះរាល់កិច្ចការងាររបស់ឆ្មប គឺជាការជួយសង្គ្រោះ និងការថែទាំដ៏ចម្បងដល់ស្ដ្រីមានផ្ទៃពោះ រួមទាំងទារក ទាំងមុនសម្រាល និងក្រោយសម្រាល ។ដូច្នេះឆ្មបគឺមានតម្លៃណាស់ ឃើញឆ្មបប្រៀបបានដូចឃើញអ្នកមើលថែទាំគ្រួសាររបស់ប្រជាជនយើង ឬជាមេផ្ទះសុខភាពមួយដូច្នេះដែរ។ក្នុងឱកាសនេះដែរ សូមជំរុញលើកទឹកចិត្ដឆ្មបយើងទូទាំងប្រទេស មិនថានៅមន្ទីរពេទ្យរដ្ឋ ឬឯកជន សូមពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈឆ្មបឱ្យត្រឹមត្រូវ»

ជាងនេះទៅទៀតលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក៏បានស្នើដល់សមាគមឆ្មប សមាគមគ្រូពេទ្យផ្នែកសម្ភពរោគស្ដ្រី សមាគមគិលានុបដ្ឋាក និងភាគីពាក់ព័ន្ធ សូមឱ្យមានការសហការគ្នាឱ្យបានល្អ ដើម្បីពួនដៃគ្នាបម្រើសេវាសុខាភិបាល ជួយសង្រ្គោះ និងថែទាំសុខភាពមាតា ទារក និងកុមារ ឱ្យមានសុខភាពល្អប្រសើរ។

ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានស្នើដល់អង្គសិក្ខាសាលា និងឆ្មបទូទាំងប្រទេស ត្រូវចុះបញ្ជីអនុញ្ញាតប្រកបវិជ្ជាជីវឆ្មបឱ្យកាន់តែប្រសើឡើង និងពិនិត្យមើលការចុះបញ្ជីអនុញ្ញាតប្រកបវិជ្ជាជីវឆ្មប និងវិជ្ជាជីវសុខាភិបាលផ្សេងៗទៀត ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃការប្រកបវិជ្ជាជីវសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាព។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តីបានផ្ដល់អនុសាសន៍គន្លឹះបន្ថែមទៀតដល់អង្គសិក្ខាសាលា ដើម្បីឱ្យស្ថានភាពការងារមានការវិវឌ្ឍន៍ទៅមុខបានល្អ សម្រាប់អ្នកដឹកនាំគ្រប់កម្រិតរបស់ឆ្មបត្រូវអនុវត្តន៍ ក្នុងនោះរួម៖ ១) ត្រូវបណ្តុះបណ្តាលមធ្យោបាយនៃការទំនាក់ទំនង និងឱ្យមានភាពរស់រវើក ២) ត្រូវស្វែងរកនូវឯកសារ ឬអត្ថបទត្រូវធ្វើការផ្សព្វផ្សាយ ដែលទាក់ទងនឹងសកម្មភាពឆ្មប ៣) ព្យាយាមរៀបចំទស្សនាវដ្តី ឬព្រឹត្តិបត្រព័ត៌មាន ៤) ត្រូវចូលរួមក្នុងវេទិកាទាំងឡាយ ពិសេសវេទិកាអន្តរជាតិ ដើម្បីពិនិត្យមើលសកម្មភាព និងកិច្ចការងារមានភាពជឿនលឿនរបស់អន្តរជាតិ យកមកសិក្សា និងអនុវត្តន៍តាម។

សូមជម្រាបថា ទិវាឆ្មបជាតិ អន្តរជាតិ ៥ ឧសភា រៀបចំឡើងដើម្បីលើកកម្ពស់តួនាទីរបស់ឆ្មប ក្នុងការពារ និងថែទាំសុខភាពមាតា ទារក និងកុមារ។ ទិវានេះនឹងជួយលើកកម្ពស់គុណភាពសេវា និងចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា និងទារក តាមរយៈការពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ។ ការរៀបចំទិវានេះ ក៏ជាឱកាសមួយក្នុងការពង្រឹង និងពង្រីកចំណេះដឹង ចែករំលែកចំណេះដឺង បទពិសោធន៍ ដើម្បីបន្ថែមសមត្ថភាពនិងលើកកម្ពស់តួនាទីរបស់ឆ្មប ក្នុងការឆ្លើយតបទៅនឹងតម្រូវការសុខភាពក្នុងលក្ខណៈទូលំទូលាយ គ្រប់វិស័យ គ្រប់កាលៈទេសៈ ទាំងពេលមានគ្រោះមហន្តរាយ និងគ្រោះអាសន្ន។

កម្មវិធីនៅថ្ងៃនេះ ក៏មានអញ្ជើញចូលរួមពីលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម និងជាឥស្សរជនឆ្នើមថ្នាក់ជាតិអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពមាតា ទារក និងកុមារ អង្គការដៃគូជាតិ អន្តរជាតិ ដែលតែងតែជួយគាំទ្រ ក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជាជាច្រើនទៀត៕