រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចប្រាប់ពលរដ្ឋកុំមានការថ្នាំងថ្នាក់ចំពោះការផ្តល់ប្រាក់សង្គ្រោះ ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា និងជាប្រធានក្រុមការងារចុះជួយឃុំជាច
ស្រុកកំចាយមារ ខេត្តព្រៃវែង ឯកឧត្តម វង សូត ក្នុងពិធីបុណ្យឆ្លងសាលាបុណ្យ និងឈាបនដ្ឋានវាលតូច ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៤ កក្កដានេះមានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជាបានសម្រេចផ្តល់នូវប្រាក់សង្គ្រោះសម្រាប់ពលរដ្ឋក្រីក្រពិតប្រាកដ ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ នេះ ដែលមានចំនួនសរុប ៥៦ម៉ឺនគ្រួសារនៅទូទាំងប្រទេស ហើយគិតត្រឹមថ្ងៃម្សិលមិញ យើងបានផ្តល់ ជូនបានចំនួនជាង ៤៥ម៉ឺនគ្រួសាររួចហើយ ដែលពួកគាត់ទាំងនោះសុទ្ធតែជាអ្នកក្រីក្រខ្វះខាត ដូច្នេះសូម បងប្អូនប្រជាពលរដ្ឋផ្សេងទៀតដែលមិនទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលសូមកុំមានការថ្នាំងថ្នាក់។

ឯកឧត្តម វង សូត មានប្រសាសន៍គូសបញ្ជាក់ថា ពេលបច្ចុប្បន្ននេះថ្វីត្បិតតែមានគ្រួសារមួយ ចំនួនធំមានជីវភាពប្រសើរ តែក៏នៅមានគ្រួសារមួយចំនួនតូចកំពុងស្ថិតក្នុងភាពក្រីក្រនៅឡើយ អញ្ចឹង ហើយទើបរាជរដ្ឋាភិបាល បានសម្រេចផ្តល់នូវប្រាក់ឧត្ថម្ភប្រចាំខែបន្តិចបន្តួចដល់គ្រួសារក្រីក្រទាំងនោះ ដែលមានសរុបប្រមាណ ៥៦ម៉ឺនគ្រួសារនៅទូទាំងប្រទេស ហើយគិតត្រឹមល្ងាចថ្ងៃម្សិលមិញមានជាង ៤៥ ម៉ឺនគ្រួសារបានទទួលការឧបត្ថម្ភរួចហើយ។ ឯកឧត្តមថា ការឧបត្ថម្ភនេះនឹងបញ្ឃប់ទៅវិញនៅពេលដែល ជំងឺកូវីដ១៩ បានផុតរលត់បាត់ទៅ ដូច្នេះហើយសូមបងប្អូនផ្សេងទៀតដែលមិនទទួលបានការឧបត្ថម្ភពី រាជរដ្ឋាភិបាលសូមកុំមានការថ្នាំងថ្នាក់។

ទាក់ទងទៅនឹងសមិទ្ធផលដែលបានធ្វើពិធីបុណ្យឆ្លងនាពេលនេះដែលរួមមានសាលាបុណ្យ និង
ឈាបនដ្ឋាន រួមនឹងការរៀបចំទីធ្លានៅទីកន្លែងនេះដែលបានចំណាយថវិកាអស់ជាង ៣ម៉ឺន ៣ពាន់ដុល្លារ អាមេរិកនោះ ឯកឧត្តម វង សូត បានគូសបញ្ជាក់ថា សមិទ្ធនេះគឺសម្រាប់ពលរដ្ឋនៅទីនេះប្រើប្រាស់រួម។ ដូច្នេះត្រូវមានការថែរក្សាជារួម។

យកឱកាសនេះផងដែរឯកឧត្តមបានអំពាវនាវដល់ពលរដ្ឋទូទៅសូមកុំភ្លេចការការពារខ្លួនពីជំងឺកូវីដ ១៩ ដែលវាកំពុងតែរាតត្បាតនៅជុំវិញពិភពលោកនៅឡើយ ហើយរួមទាំងកម្ពុជាយើងផងដែរ៕