លោក ហ្សេលេនស្គី ប្តេជ្ញាដាក់សម្ពាធ ឱ្យមានការបន្តដោះដូរអ្នកទោសជាមួយរុស្ស៉ី

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្តេជ្ញាថានឹងដាក់សម្ពាធ ឱ្យមានការដោះដូរអ្នកទោសជាមួយរុស្ស៉ី ហើយថាការបរាជ័យណាមួយដោយទីក្រុងមូស្គូ ក្នុងការរក្សាកិច្ចព្រមព្រៀងមនុស្សធម៌ នឹងបង្កជាការសង្ស័យលើការខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីបិទបញ្ចប់សង្រ្គាម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែមិថុនា ឆ្នាំ ២០២៥។

ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី និយាយថា អ៊ុយក្រែន មិនទាន់ទទូលបានបញ្ជីអ្នកទោសដែលត្រូវដោះលែង ក្រោមកិច្ចព្រមព្រងដែលសម្រេចបានពីកិច្ចចរចា នៅឯតួកគីយ៉េនោះទេ។ លោកបញ្ជាក់ដូច្នេះថា «ប្រសិនបើរុស្ស៉ី មិនគោរពកិច្ចព្រមព្រៀង សូម្បីតែនៅក្នុងបញ្ហាមនុស្សធម៌ នោះវានឹងនាំឱ្យមានការសង្ស័យលើកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ រួមទាំងកិច្ចព្រមព្រៀងដោយសហរដ្ឋអាមេរិក ទាក់ទងនឹងដំណោះស្រាយតាមមធ្យោបាយការទូតផងដែរ»

គួរបញ្ជាក់ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​ដាក់​សម្ពាធ​លើអ៊ុយក្រែន និង​រុស្ស៉ី ឱ្យឈាន​ទៅ​រក​ដំណោះស្រាយ​ស្តីពី​សង្រ្គាម។ អ៊ុយក្រែនគាំទ្រ​ការ​អំពាវនាវ​របស់​សហរដ្ឋ​អាមេរិក​ ឱ្យ​មាន​បទ​ឈប់​បាញ់​រយៈពេល ៣០ថ្ងៃ ខណៈ​រុស្ស៉ី​ថា​លក្ខខណ្ឌ​មួយ​ចំនួន​ត្រូវ​តែ​បំពេញ​ជា​មុន​សិន៕