
កោះកុង÷ រដ្ឋបាលខេត្តកោះកុង មន្ទីរព័ត៌មានខេត្តកោះកុង រដ្ឋបាលក្រុងស្រុកទាំង៧ និងមន្ទីរអង្គភាពនានា កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង យុវជនកាយរិទ្ធិ និងយុវជនកាកបាទ ក្រហមកម្ពុជា យុវជន អ.ម.ត និងអ្នកសារព័ត៌មាន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៥ បានរៀបចំយុទ្ធនាការ និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ ដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈអំពីគ្រោះថ្នាក់ និងវិបាត់នៃការព័ត៌មានក្លែងក្លាយ Say No to Fake News។
ក្នុងយុទ្ធនាការនេះ លោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង លើកឡើងថា គ្រប់ប្រភេទ នៃព័ត៌មាន ក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលជាអវិជ្ជមាន មកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺ ព័ត៌មានក្លែងក្លាយ អាចបង្កឱ្យមានអស្ថិរភាពក្នុងសង្គម បង្កើតជាអំពើហិង្សា និងឈានទៅដល់មានអរិភាពសង្គម, ការបែកបាក់សាមគ្គីផ្ទៃក្នុង និងប្រជាពលរដ្ឋបាត់បង់ទំនុកចិត្តនិងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។

លោកប្រធានមន្ទីរព័ត៌មាន លើកឡើងទៀតថា យុទ្ធនាការនេះ នឹងត្រូវបានអនុវត្តន៍ទូទាំងប្រទេសកម្ពុជាក្នុងរយៈពេល១២ខែ គឺផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយចាំបាច់មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងដើម្បីលើកកម្ពស់យល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។
លោកប្រធានមន្ទីរព័ត៌មានខេត្ត បានបន្ថែមទៀតថា ការបញ្រ្ចបការយល់ដឹងឹដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាកត្តាដ៏សំខាន់មួយ ដើម្បីផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើបឱ្យមកចូលរួមទប់ស្កាត់ការរីកសាយភាពនូវព័ត៌មានក្លែងក្លាយ។

ក្នុងឱកាសនេះដែរ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មិនគ្រាន់តែជាវេទិកាសម្រាប់ការកម្សាន្ត ទំនាក់ទំនង និងបង្កើតបណ្ដាញមិត្តភាពនោះទេ វាក៏អាចជាវេទិការដ៏មានឥទ្ធិពលមួយនៅក្នុងសហគមន៍ ទាំងក្នុងស្រុក និងជាសកល។
លោកជំទាវអភិបាលខេត្ត បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាមែកធាងនៃប្រព័ន្ធគ្រប់គ្រងរដ្ឋ និងមានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយនូវសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាលជូនសាធារណជន និងនាំបញ្ហាសង្គម និងទុក្ខធុរៈរបស់ប្រជាជនមកជម្រាបដល់រាជរដ្ឋាភិបាលវិញ៕ ដោយ ពិសិដ្ឋ











































