
កោះកុង÷សាឡុង់ប្រភេទធុនធំជាច្រើនគ្រឿងបានលួចបូមខ្សាច់នៅពេលយប់ជាច្រើនខែមកហើយ នៅចំណុចព្រែកឃ្នាង ស្ថិតក្នុងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង មិនដឹងថា មានច្បាប់ ឬមិនមានច្បាប់នោះទេ។
តាមការលើកឡើងរបស់ពលរដ្ឋនៅទីនោះបានឲ្យដឹងថា ព្រែកស្រែអំបិលមួយនេះត្រូវបានគេយកសាឡុង់មកបូមយកខ្សាច់ជាច្រើនឆ្នាំមកហើយ មិនដឹងថា ក្រុមហ៊ុនណាខ្លះទេ ដែលគេបូមយកខ្សាច់ទាំងយប់ទាំងថ្ងៃចាប់ពីចំណុចខាងក្រោមផ្សាររហូតមកដល់ខាងក្រោយផ្ទះប្រជាពលរដ្ឋ ដែលរស់នៅមាត់ព្រែកនេះ ធ្វើឲ្យប្រជាពលរដ្ឋមានការភិតភ័យរហូតដល់ពួកគាត់ផ្តិងមេដៃស្នើសុំឱ្យខាងក្រុមហ៊ុនទាំងនោះបូមយកខ្សាច់ឲ្យឆ្ងាយពីចំណុចមាត់ព្រែកបន្តិច ពីព្រោះថាខ្លាចបាក់ច្រាំងរលំផ្ទះពួកគាត់ តែមិនដឹងថាគេមានច្បាប់ឬអត់ច្បាប់នោះដែរ ក្រោយមកសាឡង់ទាំងនោះក៏ត្រូវបានដាក់បូមតាមបណ្ដោយព្រែកទៅក្រោម។
ពលរដ្ឋបានឱ្យដឹងទៀតថា: ស្រាប់តែប៉ុន្មានខែនេះមានសាឡុងជាច្រើនគ្រឿងដាក់បូមយកខ្សាច់យ៉ាងគគ្រឹកគគ្រេង ដែលគួរឲ្យចម្លែក នៅចំណុចព្រែកខ្នៀង ស្ថិតក្នុងភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល សាឡង់បូមយកខ្សាច់ទាំងនោះ គេមិនបានដាក់បូមនៅពេលថ្ងៃនោះទេ ពោលគឺ គេដាក់បូមនៅពេលយប់ ពាសពេញព្រែកមួយនេះតែម្ដង ហើយក្នុងចំណោមសាឡង់ទាំងនេះក៏មានសាឡង់របស់លោកឧកញ៉ាម្នាក់នៅស្រុកស្រែអំបិលនេះដែរ។

ជុំវិញបញ្ហាសាឡង់បូមខ្សាច់ខាងលើនេះ លោក ខ្លឹម យុនវិសិដ្ឋ ប្រធានមន្ទីរ៉ែ និងថាមពុលខេត្តកោះកុង បានបញ្ជាក់ថា: ការដាក់លួចបូមយប់ គឺករណីខុសនីតិវិធីច្បាប់ ត្រូវមានវិធានការដកហូត និងផាកវិន័យតាមនីតិវិធីរបស់ក្រសួងរ៉ែ ប៉ុន្តែឥឡូវនេះខ្ញុំនៅជាប់ប្រជុំនៅក្រសួង ហើយខ្ញុំនឹងរាយការណ៍ពីបញ្ហាការលួចបូមខ្សាច់នេះទៅក្រសួង ចាំមើលក្រសួងមានវិធានការយ៉ាងម៉េច។
ជុំវិញបញ្ហាសាឡង់បូមខ្សាច់ខាងលើ ពលរដ្ឋនិងរង់ចាំមើលថា តើមន្ទីរ៉ែខេត្តកោះកុង និងក្រសួងរ៉ែ មានប្រធានការបែបណាទៅលើសាឡង់ដែលធ្វើការលួចបូមខ្សាច់ខាងលើ៕ ដោយ សេន ពិសិដ្ឋ

































