សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់ស្ថាប័ន និងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យអប់រំ ពង្រីកការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល

(កំពង់ស្ពឺ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានថ្លែងអំពាវនាវដល់គ្រប់ស្ថាប័ន និងតួអង្គពាក់ព័ន្ធនានាក្នុងវិស័យអប់រំ ពង្រីកការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែល សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធសមិទ្ធក្នុងវិស័យអប់រំ មានដូចជាអគារសិក្សា អគារ​ទីចាត់ការ និងអគារស្នាក់នៅនៅតាមសាលានានា ទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន ១១ខ្នង ស្មើនឹង ១៤៩បន្ទប់។ សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់​នាព្រឹកថ្ងៃនេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ចំពោះមុខអង្គពិធី សម្តេចបវរធិបតី បានណែនាំឱ្យលោកគ្រូអ្នកគ្រូ បន្តលើកកម្ពស់អនាម័យនៅតាមសាលារៀន ដោយត្រូវត្រៀមវិធានការឆ្លើយតប និងចូលរួមទប់ស្កាត់​ភ្លាមៗ ព្រម​ទាំងបង្កើនការអប់រំអំពីសុខភាពសិក្សា និង សុវត្ថិភាពចំណីអាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជា បន្ទប់សុខភាពស្ដង់ដា, បរិស្ថានសាលារៀនបៃតង, សាលារៀនស្អាតគ្មានសំរាមជាដើម។

ទន្ទឹមនឹងនេះ ក៏ត្រូវគិតគូរអំពីការដោះស្រាយ​បញ្ហាសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់សិស្សានុសិស្ស នៅតាមសាលារៀន ដោយត្រូវបញ្ចូល កម្មវិធីអប់រំសុខភាពផ្លូវចិត្ត និង សុខុមាលភាពនៅក្នុងសាលារៀន។

សម្ដេចប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងដូច្នេះថា៖ «អំពាវនាវគ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់, វិស័យឯកជន, សង្គមស៊ីវិល, អង្គការជាតិ-អន្តរជាតិ សូមបង្កើន​ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងមូលធនមនុស្សនៅកម្ពុជា តាមរយៈ ការពង្រីកការអប់រំ និងការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថលដល់សិស្សានុសិស្សកម្ពុជា ផ្គួបផ្សំជាមួយការពង្រឹងសីលធម៌បុគ្គល សំដៅលើកកម្ពស់ជីវភាព និងសុខុ​មាលភាពរបស់បុគ្គល គ្រួសារ និងប្រជាពលរដ្ឋកម្ពុជា»