នាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ខណៈប៉េកាំងស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗ

(ស៉ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានឱ្យដឹងនាថ្ងៃអង្គារ ទី៨ ខែកក្កដាថា លោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ចាប់ពីចុងសប្តាហ៍នេះ ខណៈដែលទីក្រុងប៉េកាំង ស្វែងរកការកសាងភាពជាដៃគូលើវិស័យ AI ថាមពលបៃតង និងសេដ្ឋកិច្ចឌីជីថល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Hobart ដូច្នេះថា «ខ្ញុំទន្ទឹងរង់ចាំទៅទីក្រុងស៊ាងហៃ ប៉េកាំង និង Chengdu ដោយខ្ញុំនឹងទៅកាន់ទីនោះ ចាប់ពីថ្ងៃសៅរ៍នេះ»។ ប្រសិនបើមិនមានការប្រែប្រួលទេ វាក្លាយនឹង​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​របស់ លោក Albanese ទៅ​កាន់​ប្រទេស​ចិន ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រីអូស្រ្តាលៅ បន្ទាប់​ពី​ជាប់​ឆ្នោត​ឡើង​វិញក្នុង​ខែ​ឧសភា។

ទស្សនកិច្ចនេះក៏បានកើតមានឡើងនៅពេលដែលចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អូស្រ្តាលី កំពុងស្នើឱ្យមានការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រយៈពេល ១០ឆ្នាំរវាងប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងក្នុងវិស័យកសិកម្ម ការរុករករ៉ែ និងស្វែងរកភាពរីកចម្រើននៅវិស័យក្នុងបច្ចេកវិទ្យាថ្មីៗ៕