(ប្រាស៊ីលីយ៉ា)៖ ប្រេស៊ីល នៅថ្ងៃពុធ ទី២៣ ខែកក្កដា បានប្រកាសពីបំណងចូលរួមក្នុងពាក្យបណ្ដឹងមួយដឹកនាំដោយអាហ្វ្រិកខាងត្បូង ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជុំវិញការចោទប្រកាន់ថាអ៉ីស្រាអែលបាន និងកំពុងប្រពឹត្តអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្រសួងការបរទេសប្រេស៊ីល បាននិយាយថាប្រទេសរបស់ខ្លួនកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការធ្វើបទបង្ហាញពីការធ្វើអន្តរាគមន៍ផ្លូវការមួយ ក្នុងសំណុំរឿងដែល មានការចូលរួមជាផ្លូវការរួចទៅហើយពីសំណាក់រដ្ឋមួយចំនួនដូចជាកូឡុំប៊ី លីប៊ី និងម៉ិកស៉ិក ហើយគាំទ្រដោយរដ្ឋមួយចំនួនទៀត។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសប្រេស៊ីលក៏បានបរិហារផងដែរនូវអ្វីដែលខ្លួនហៅថាជាអំពើហិង្សាមិនរើសមុខប្រឆាំងជនស៊ីវិល និងការប្រើប្រាស់ការបង្អត់អាហារជាអាវុធសង្រ្គាម។
កាលពីខែធ្នូ ឆ្នាំ២០២៣ អាហ្វ្រិកខាងត្បូងបានប្ដឹងអ៉ីស្រាអែលឡើងតុលាការ ICJ ដោយចោទថាសង្រ្គាមរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សាបានបំពានលើអនុសញ្ញា UN ឆ្នាំ១៩៤៨ ស្ដីពីការបង្ការ និងការដាក់ទោសទណ្ឌលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។ ប៉ុន្តែអ៉ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ។
គួរបញ្ជាក់ថា កាលពីខែមករា ខែមីនា និងខែឧសភា ឆ្នាំ២០២៤ តុលាការ ICJ បានប្រាប់អ៉ីស្រាអែលឱ្យធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីទប់ស្កាត់សកម្មភាព ប្រល័យពូជសាសន៍ អំឡុងសង្រ្គាមរបស់ខ្លួននៅហ្កាហ្សា ក្នុងនោះរួមមានទាំងការអនុញ្ញាតឱ្យមានការផ្ដល់ជំនួយមនុស្សធម៌ជាបន្ទាន់ដើម្បីទប់ស្កាត់កុំឱ្យគ្រោះអត់ឃ្លាន កើតឡើង៕
































