(ភ្នំពេញ)៖ ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន លើបច្ចេកវិទ្យាផ្កាយរណប ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុសកល រួមចំណែកដល់ការគ្រប់គ្រងព្រៃឈើ និងធនធានធម្មជាតិ ឈានទៅសម្រេចបានជាប្រទេសអាព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំនាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាជាតិ។

កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយក្នុងវិស័យបរិស្ថាននេះ បានប្រព្រឹត្តទៅនៅក្នុងជំនួបពិភាក្សាសម្តែងការគួរសម និងពិភាក្សាការងាររវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Osamu Ochiai នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដីនៃ JAXA នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៥ ម្សិលមិញ នៅទីស្តីការក្រសួងបរិស្ថាន។
ជាមួយគ្នានេះលោក Osamu Ochiai នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដីនៃ JAXA បានបង្ហាញសមត្ថភាពដ៏ទំនើបរបស់ក្នុងការប្រមូលទិន្នន័យបរិស្ថានតាមរយៈផ្កាយរណប ដែលរួមមានផែនទីជីវម៉ាស (Biomass Map) ជួយឱ្យកម្ពុជាដឹងពីបរិមាណជីវម៉ាស និងកាបូនដែលស្រូបយកបានពីព្រៃឈើ។

ផែនទីព្រៃកោងកាង (Mangrove Map) ដែលអាចជួយតាមដានការប្រែប្រួលផ្ទៃដីព្រៃកោងកាងចាប់ពីឆ្នាំ១៩៩០ និងផែនទីគម្របដី និងការប្រើប្រាស់ដី (Land Cover/Use Map) ដែលមានកម្រិតច្បាស់ ១០ម៉ែត្រ អាចកំណត់ប្រភេទដីបានរហូតដល់ទៅ ១៥ប្រភេទ ដូចជាប្រភេទដីទីក្រុង វាលស្រែ ព្រៃឈើ និងវាលស្មៅជាដើម។ លើសពីនេះ ការត្រួតពិនិត្យការបំភាយមេតានពីវាលស្រែ (Methane Emission Monitoring) តាមរយៈការតាមដានកម្រិតទឹកក្នុងវាលស្រែ គឺជាផ្នែកមួយបន្ថែមទៀត ក្នុងការកាត់បន្ថយការបំភាយមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏គ្រោះថ្នាក់។
ជាការឆ្លើយតប រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងអំណរគុណដល់ JAXA និងគាំទ្រចំពោះបច្ចេកវិទ្យាផ្កាយរណបជប៉ុន ក្នុងការប្រមូលទិន្នន័យបរិស្ថាន ទុកជាឃ្លាំងទិន្នន័យសម្រាប់ផ្ទៀងផ្ទាត់ជាមួយប្រព័ន្ធផ្កាយរណបនាពេលបច្ចុប្បន្ន និងគាំទ្រឱ្យ JAXA ក្លាយជាភ្នាក់ងារផ្ទៀងផ្ទាត់ឥណទានកាបូន នៅតំបន់អាស៊ាន ដើម្បីជួយបញ្ជាក់ពីភាពត្រឹមត្រូវរបស់កម្ពុជា លើការងារផ្ទៀងផ្ទាត់ទិន្នន័យព័ត៌មានរវាង ៦ខែម្តង ឬតិចជាងនេះ នៅក្នុងការពិនិត្យ និងវាយតម្លៃការបាត់បង់ព្រៃឈើ និងការស្រូបយកកាបូន សម្រាប់ព្យាករណ៍លើការដាំដុះឡើងវិញឱ្យបានសមស្រប និងសម្រេចបានគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លោករដ្ឋមន្រ្តីក៏បានផ្តល់អនុសាសន៍ឱ្យ JAXA កំណត់អត្តសញ្ញាណកោះមួយនៅកម្ពុជា និងប្រែក្លាយឱ្យទៅជា កោះអព្យាក្រឹតកាបូនដំបូងគេនៅក្នុងតំបន់អាស៊ាន ដោយ JAXA វាយតម្លៃសមត្ថភាពស្រូបយកកាបូន និងប៉ាន់ប្រមាណលើចំនួនដាំស្តារដើមឈើ បន្ថែម ដើម្បីបង្កើត ទីផ្សារឥណទានកាបូន នៅកម្ពុជា និងពង្រីកកិច្ចសហប្រតិបត្តិការទៅវិស័យសំខាន់ៗផ្សេងទៀតដូចជា ថាមពល ឧស្សាហកម្ម និងការគ្រប់គ្រងសំណល់ជាដើម។
កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុននេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់មួយបន្ថែមទៀត ក្នុងការសម្រេចបានស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ ក៏ដូចជាការប្តេជ្ញារបស់កម្ពុជា រួមចំណែកក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាសកល។
គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាសជប៉ុន (JAXA) ដែលដឹកនាំដោយលោក Osamu Ochiai នាយកមជ្ឍមណ្ឌលស្រាវជ្រាវអង្កេតព័ត៌មានផែនដី (EORC) និងសមាជិកប្រតិភូ JAXA នៅក្នុងឱកាសសំដែងការគួរសមនេះ ក៏បានធ្វើបទបង្ហាញពី ទិដ្ឋភាពបច្ចេកទេសអំពីវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសលើការប្រើប្រាស់បច្ចេកវិទ្យា និងរូបភាពផ្កាយរណប លើការផលិតផែនទីជីវម៉ាសព្រៃឈើ និងកំណត់ទិសដៅ និងផែនការសកម្មភាពក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការបន្ត។ បច្ចុប្បន្ននេះទីភ្នាក់ងាររុករកអវកាសជប៉ុន JAXA បានកំពុងតែសហការជាមួយក្រសួងបរិស្ថាន លើការប្រើប្រាស់រូបភាព ផ្កាយរណប និងបច្ចេកវិទ្យារបស់ JAXA លើការផលិតផែនទីជីវម៉ាសព្រៃឈើដែលកិច្ចសហប្រតិបត្តិការនេះមានរយៈពេល ៣ឆ្នាំ (២០២៤-២០២៦)៕

































