(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា កងទ័ព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត គឺមានភាពអង់អាចក្លាហាន បានការពារយ៉ាងរឹងមាំ និងយកប្រៀបលើសត្រូវឈ្លានពាន។
ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ប៉ែន បូណា អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ជុំវិញហេតុការណ៍ផ្ទុះអាវុធ នៅតំបន់ព្រំដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

លោក ប៉ែន បូណា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំចង់បញ្ជាក់បងប្អូនថា កងកម្លាំងប្រដាប់អាវុធរបស់យើង ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក៏ដូចជាសម្ដេចតេជោ ហ៊ុន សែន កងទ័ពយើងមានភាពអង់អាចក្លាហាន ហើយឈរការពារជាតិយ៉ាងរឹងមាំកក់ក្ដៅ គ្រប់គ្រងបានយ៉ាងល្អពេញមួយថ្ងៃនេះ លើសមរភូមិ យើងប្រៀបទៅលើសត្រូវឈ្លានពាន»។
បន្ថែមពីនោះទៀត លោក ប៉ែន បូណា បានលើកឡើងថា សករាជ តេជោធិបតី គឺមិនអនុញ្ញាតឲ្យសត្រូវណា មកឈ្លានពានទឹកដីរបស់កម្ពុជា និងមើលងាយប្រជាជាតិខ្មែរ បានជាដាច់ខាត។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ ក៏បានឲ្យដឹងផងដែរថា កម្ពុជាចង់បានសន្តិភាព ជម្រើសយោធា គឺជាជម្រើសចុងក្រោយបំផុតរបស់កម្ពុជា ដូច្នេះបញ្ហាព្រឹកមិញ គឺកងទ័ព គ្មានជម្រើសអ្វីក្រៅពីការពារខ្លួន ការពារទឹកដី ពីការរំលោភឈ្លានពាន។

គួរបញ្ជាក់ថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពថៃ បានវាយប្រហារឈ្លានពាន មកលើកម្ពុជាមុន នៅតាមបណ្តោយព្រំប្រទល់រវាងប្រទេសទាំងពីរ ជាហេតុបង្ខំឱ្យកងទ័ពកម្ពុជា គ្មានជម្រើសអ្វី ក្រៅតែពីវាយបកតបតទៅលើខ្មាំងសត្រូវឈ្លានពានរបស់ខ្លួនវិញ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បាននិយាយថា ទាហានថៃ គឺជាអ្នកឈ្លានពាន និងបាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជា ត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន។
បើតាមលោកស្រី ម៉ាលី សុជាតា, ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ យោធាថៃ បានបើកការវាយប្រហាររហូតដល់៨ទីតាំង ដោយមានការប្រើប្រាស់អាវុធធុនធ្ងរ និងយន្តហោះចម្បាំង F-16 ផងដែរ។ ទីតាំងទាំង៨នោះ រួមមាន៖ ទី១ ប្រាសាទតាមាន់ធំ ទី២ ប្រាសាទតាក្របី ទី៣ តំបន់ភ្នំទ្រព្យ ទី៤ វាលឥន្ទ្រី ទី៥ តាថាវ ទី៦ ភ្នំខ្មោច ទី៧ អានសេះអូផ្កាស្នេហ៍ និងទី៨ មុំបី៕

































