ហ្វីលីពីន ជំរុញឱ្យកម្ពុជា និងថៃរក្សាទំនាក់ទំនងឱ្យបើកចំហ និងបន្ធូរបន្ថយជម្លោះ

(ម៉ានីល)៖ ហ្វីលីពីន នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា បានជំរុញឱ្យកម្ពុជា និងថៃរក្សាការទំនាក់ទំនងឱ្យបើកចំហ និងបន្ធូរបន្ថយជម្លោះនៅតំបន់ព្រំដែន ព្រមទាំងគិតគូរ និងយកចិត្តទុកដាក់ ចំពោះជនស៊ីវិលស្លូតត្រង់ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនដែលកំពុងផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes។

ក្រសួងការបរទេសហ្វីលីពីន បានគូសបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយដូច្នេះថា «ហ្វីលីពីនមិនប្រកាន់យកជំហរណាមួយនោះទេលើជម្លោះនេះ ប៉ុន្តែចង់គូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការថែរក្សាបណ្ដាញទំនាក់ទំនងឱ្យបើកចំហ និងការបន្ធូរបន្ថយជម្លោះ»។ ក្រសួងបន្ថែមថាខ្លួនរំពឹងថាទាំងភាគីថៃ និងកម្ពុជានឹងដោះស្រាយជម្លោះស្របទៅតាមច្បាប់អន្តរជាតិ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ ដែលបង្កឡើងដោយទាហានថៃ បាញ់ប្រហារមុនមកលើទាហានកម្ពុជា ដោយបង្ខំឱ្យទាហានកម្ពុជាត្រូវបាញ់តបតវិញ ដើម្បីការពារខ្លួន៕