អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា៖ ថៃបង្កសង្គ្រាមឈ្លានពានកម្ពុជាយ៉ាងប្រាកដ…!

(ភ្នំពេញ)៖ តាមសេចក្ដីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា កងទ័ពថៃ បានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាវេលាម៉ោង ០៥៖០២នាទី ថ្ងៃសៅរ៍ ទី២៦ ខែកក្កដា ឆ្នាំ២០២៥។

តាមការវាយប្រហារនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា៖ «ថៃ រំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដ៏កម្រោលនៅពេលនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតលើច្បាប់អន្តរជាតិ រួមទាំងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិលស្លូតត្រង់ និងបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ចំពោះអំពើឈ្លានពានរបស់ប្រទេសថៃនេះ ហាក់ចង់ធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយនឹងកម្ពុជា ក្នុងចេតនាលេបត្របាក់យកកម្ពុជាទាំងមូល»

បន្ថែមពីនេះ លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា៖ «ការដាក់ខេត្តជាប់ព្រំដែនកម្ពុជា មួយចំនួនក្រោមការគ្រប់គ្រងដោយច្បាប់អាជ្ញាសឹក គឺជាការបង្ហាញអំពីចេតនារបស់ថៃ នៅក្នុងការប្រកាសសង្រ្គាមឈ្លានពានកម្ពុជា ព្រោះថាខេត្ត ចន្ទបុរី និងខេត្តត្រាត ដែលមានទីតាំងជាប់ខេត្តបាត់ដំបង ប៉ៃលិន និងពោធិ៍សាត់នេះ មិនមែនជាទីតាំងយុទ្ធសាស្រ្ត ដែលមានស្រាប់ដូចនៅតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ ប្រាសាទតាក្របី និងប្រសាទព្រះវិហារនោះទេ។ ដូច្នេះការរាលដាលចូលដល់ខេត្តកម្ពុជាទាំងនេះ គឺជាចេតនារបស់ថៃ នៅក្នុងការឈ្លានពានប្រទេសកម្ពុជាទាំងមូល»

តាមរយៈការឈ្លានពានដ៏គគ្លើនរបស់ថៃនៅពេលនេះ វាចាំបាច់ណាស់ដែរកម្ពុជា មានភាពចាំបាច់ក្នុងការឆ្លើយតប ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសេចក្តីថ្លៃថ្នូរនៃប្រជាជាតិដែលមិនអាចឱ្យជាតិសាន៍ណាមកប្រមាថ និងការពារសុវត្ថិភាពរបស់ប្រជាជន ប្រឆាំងនឹងអំពើឈ្លានពានដ៏សាហាវឃោរឃៅរបស់ថៃនេះ៕