(ប៉េកាំង)៖ ទីភ្នាក់សារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍នៅថ្ងៃអង្គារ ទី២៩ ខែកក្កដានេះថា គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ មនុស្សចំនួន ៣០នាក់បានស្លាប់ ខណៈដែលភ្លៀងធ្លាក់ខ្លាំង វាយប្រហាររដ្ឋធានីប៉េកាំងរបស់ប្រទេសចិន។

អ្នកស្លាប់ត្រូវបានរាយការណ៍ នៅក្នុងស្រុកភាគខាងជើងភ្នំនៃទីក្រុងប៉េកាំង ដោយ ២៨នាក់នៅស្រុក Miyun និង ២នាក់នៅស្រុក Yanqing។ ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមកាលពីចុងសប្តាហ៍មុន ហើយបានមានឥទ្ធិពលកាន់តែខ្លាំងនៅទីក្រុងប៉េកាំង និងខេត្តជុំវិញកាលពីថ្ងៃចន្ទ ដោយស្រុកភាគខាងជើងទទួលរងនូវទឹកភ្លៀងកម្រិត ៥៣៤.៤មីលីម៉ែត្រ។
គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ ទីក្រុងប៉េកាំង បានជម្លៀសប្រជាជនចំនួន ៨០ ៣២២នាក់។ ផ្លូវថ្នល់ និងខ្សែបណ្តាញទាក់ទងរងការខូចខាត ហើយភូមិចំនួន ១៣៦គ្មានអគ្គិសនីប្រើប្រាស់។ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានបញ្ជាឱ្យស្វែងរក និងជួយសង្គ្រោះតាមគ្រប់មធ្យោបាយ ដើម្បីកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួស៕

































