កូរ៉េខាងជើង៖ លោក ត្រាំ ត្រូវតែទទួលស្គាល់ការពិតថាព្យុងយ៉ាងមិនអាចបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអង្គារ ទី២៩ ខែកក្កដា បាននិយាយថាសហរដ្ឋអាមេរិកត្រូវតែទទួលស្គាល់ថាការពិតបានផ្លាស់ប្ដូរទៅហើយចាប់តាំងពីកិច្ចប្រជុំកំពូលរវាង ប្រទេសទាំង២កាលពីអតីតកាល និងមិនមានកិច្ចសន្ទនាណាមួយនៅពេលអនាគតនឹងបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងបាននោះទេ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោកស្រី គីម យ៉ូជុង ដែលត្រូវបានគេជឿជាក់ថានិយាយតំណាងឱ្យបងប្រុស បាននិយាយថាលោកស្រី ទទួលស្គាល់ថាទំនាក់ទំនងផ្ទាល់ខ្លួនរវាងលោក គីម និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនអាក្រក់នោះទេ។ ប៉ុន្តែប្រសិនបើទីក្រុងវ៉ាស៊ីនតោនមានបំណង ប្រើប្រាស់ទំនាក់ទំនងផ្ទាល់ខ្លួននេះជាមធ្យោបាយដើម្បីបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង នោះកិច្ចប្រឹងប្រែងបែបនេះនឹងក្លាយជាការប្រមាថមួយតែប៉ុណ្ណោះ។ នេះជាការលើកឡើងរបស់លោកស្រី គីម យ៉ូជុង ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយ KCNA។

លោកស្រី គីម បានបន្ថែមទៀតថារាល់ការប៉ុនប៉ងបដិសេធទទួលស្គាល់កូរ៉េខាងជើងជារដ្ឋប្រដាប់ដោយអាវុធនុយក្លេអ៊ែរ…គឺនឹងត្រូវបានជំទាស់ដាច់ខាត។

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរអំពីសេចក្ដីថ្លែងការណ៍របស់កូរ៉េខាងជើង មន្ត្រីសេតវិមានម្នាក់បាននិយាយថាលោក ត្រាំ នៅតែមានការប្ដេជ្ញាចិត្តចំពោះគោលបំណង ដែលលោកមានសម្រាប់ជំនួបទាំង៣លើកជាមួយលោក គីម ជុងអ៊ុន កាលពីអាណត្តិទី១។ តាមមន្ត្រីអាមេរិករូបនេះ លោក ត្រាំ បើកចំហការទំនាក់ទំនងជាមួយលោក គីម ដើម្បីឈានទៅដល់ការសម្រេចបានការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕