លោក ត្រាំ កំណត់ឱសានវាទថ្មីពី១០ ទៅ១២ថ្ងៃ ដើម្បីឱ្យរុស្ស៉ីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

(Reuters)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី២៨ ខែកក្កដា បានកំណត់ឱសានវាទថ្មីរយៈពេលពី១០ ដល់១២ថ្ងៃ ដើម្បីឱ្យរុស្ស៉ីឈានដល់កិច្ចព្រមព្រៀងសន្តិភាព បិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បើពុំដូច្នេះទេទីក្រុងមូស្គូនឹងត្រូវប្រឈមមុខនឹងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ត្រាំ កន្លងមក បានគំរាមដាក់ទណ្ឌកម្មទាំងលើរុស្ស៉ី និងប្រទេសទាំងឡាយណាដែលទិញទំនិញពីរុស្ស៉ីជាពិសេសគឺប្រេង ជាមួយការដាក់ឱសានវាទរយៈពេល៥០ថ្ងៃ។ ថ្លែងចេញពីប្រទេសស្កុតឡែន ជាទីដែលលោកបានជួបជាមួយមេដឹកនាំអឺរ៉ុប និងលេងវាយកូនហ្គោល លោក ត្រាំ បាននិយាយថារូបលោកពិតជាខកចិត្តយ៉ាងខ្លាំងចំពោះលោក ពូទីន ហើយសម្រេចចិត្តកាត់បន្ថយឱសានវាទ ៥០ថ្ងៃ ដែលលោកបានកំណត់កាលពីដើមខែកក្កដា។

ប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានអំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំនឹងកំណត់ឱសានវាទថ្មី…ពី១០ ទៅ១២ថ្ងៃរាប់ចាប់ពី ថ្ងៃនេះតទៅ (ថ្ងៃចន្ទ)។ វាមិនមានហេតុផលត្រូវរង់ចាំទៀតនោះទេ…ព្រោះយើងមិនបានឃើញភាពរីកច្រើនអ្វីសោះ»

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសាទរជំហររបស់លោក ត្រាំ និងបង្ហាញពីការតាំងចិត្តរបស់ប្រធានាធិបតីអាមេរិករូបនេះដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៉ី៕