(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នាថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងពេលដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានកំពុងបំពេញបេសកកម្មការទូត នៅក្នុងទឹកដីប៉ែកអឺរ៉ុបមួយនេះ។

ប្រធានរដ្ឋសភាប្រទេសទាំងពីរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនគ្នាទៅវិញទៅមក និងបានផ្លាស់ប្តូរពីសភាពការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ទៅវិញទៅមក។ នៅក្នុងនោះ ភាគីវៀតណាម បានអបអរសាទរ ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ហើយងាកមកដោះស្រាយដោយសន្តិវិធី យកការចរចាជាធំនាំមកនូវសុខសន្តិភាពដល់ជូនប្រជាពលរដ្ឋទាំងពីរប្រទេសនិងក៏ដូចជាតំបន់ផងដែរ។ ក្នុងនាមប្រទេសជាមិត្ត ភូមិផងរបងជាប់គ្នានេះ វៀតណាមនឹងចូលរួម សង្កេតការណ៍លើបទឈប់បាញ់នេះផងដែរ។
ថ្នាក់ដឹកនាំប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននិងភាពរឹងមាំនៃទំនាក់ទំនងប្រទេសទំាងពីរ និងបានថ្លែងអំណរគុណដល់គ្នាទៅវិញទៅមក ដែលប្រទេសទំាងពីរតែងតែជួយគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈទំាងកម្រិតទ្វេភាគីនិងពហុភាគី។ សូមរំឭកថា វៀតណាមបានជួយដល់ការរំដោះប្រទេសកម្ពុជាចេញពី រណ្តៅរមណៈនៃរបបប៉ុលពតប្រល័យពូជសាសន៍ក្នុងឆ្នាំ១៩៧៩។ ចំណែកកម្ពុជាបានជួយជ្រោមជ្រែង ដល់ការទទួលបានឯករាជ្យនិងការបង្រួបបង្រួមជាតិវៀតណាម កាលពី៥០ឆ្នាំមុន។

សម្តេចរដ្ឋសភាធិបតី និងលោក ជិន ថាញ់មិន បានសន្យារួមគ្នានឹងបន្តខិតខំជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាហើយនោះ ឲ្យទទួលបានលទ្ធផលកាន់តែច្រើនឡើង ជូនប្រជាពលរដ្ឋនិងប្រទេសទាំងសងខាង។ ជាពិសេស ការជំរុញឲ្យមានការផ្លាស់ប្តូរគ្នាកាន់តែសកម្មឡើងរវាងសមាជិកសភាវ័យក្មេង ក្រុមមិត្តភាព គណៈកម្មការជំនាញ ថ្នាក់អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ ក៏ដូចជាកម្រិតថ្នាក់ដឹកនាំ៕
































