(ព្រះវិហារ)៖ ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានចុះពិនិត្យជាក់ស្តែងខ្សែផ្លូវ ដែលគ្រប់គ្រងដោយមន្ទីរ ជាពិសេសខ្សែផ្លូវតាមក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ក្រែងមានការខូចខាតដោយគ្រាប់កាំភ្លើងផ្លោងរបស់ទាហានថៃ ដើម្បីធ្វើការជួសជុលឡើងវិញ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះថា៖ក្នុងចំណោមកំណាត់ផ្លូវសរុប៩ខ្សែ ដែលក្រុមការងារបានត្រួតពិនិត្យ មានតែផ្លូវខេត្តលេខ២៦២៨ (ច្រកតាថាវ) ចំនួន១ទីតាំង និងផ្លូវខេត្តលេខ ២PVH៥ (ជាំក្សាន្ត – អានសេះ)ចំនួន៣ទីតាំង ដែលរងការខូចខាតដោយសារគ្រាប់កាំភ្លើងធំកងទ័ពថៃធ្លាក់ចំ។
លោកប្រធានមន្ទីរថ្លែងបញ្ជាក់ទៀតថា៖ចំណែកឯផ្លូវជាតិ និងផ្លូវខេត្តផ្សេងទៀតដូចជា៖ផ្លូវជាតិលេខ៦២ ផ្លូវជាតិលេខ៩២ ផ្លូវខេត្តលេខ ២៦២៥ ផ្លូវខេត្តលេខ ២៦២៦ ផ្លូវខេត្តលេខ ២PVH២ ផ្លូវខេត្តលេខ ២PVH៧ និងផ្លូវខេត្តលេខ ២PVH៩ គឺពុំមានការខូចខាតដោយសារគ្រាប់កាំភ្លើងធំធ្លាក់ចំនោះឡើយ។

សូមបញ្ជាក់ថា ស្ថានភាពផ្លូវក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺនៅមានសុវត្ថិភាពសម្រាប់ការធ្វើដំណើរបានធម្មតា នៅលើកំណាត់ផ្លូវភាគច្រើន លើកលែងតែកំណាត់ផ្លូវមួយចំនួនតូចប៉ុណ្ណោះដែលត្រូវការជួសជុលដោយសារការខូចខាតខាងលើ៕


































