(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក ហ្សង់ ណូអែល បារ៉ូ (Jean-Noel Barrot) បាននិយាយនៅថ្ងៃពុធ ទី៣០ ខែកក្កដាថាបារាំង និងប្រទេសលោកខាងលិច១៤ផ្សេងទៀត បានអំពាវនាវឱ្យបណ្ដាប្រទេសនៅជុំវិញពិភពលោកទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X បន្ទាប់ពីសន្និសីទមួយស្ដីពីការស្ដារឡើងវិញនូវដំណោះស្រាយរដ្ឋ២ សម្រាប់អ៉ីស្រាអែល និងប៉ាឡេស្ទីន លោក Jean-Noel Barro បានគូសបញ្ជាក់ដូច្នេះថា «នៅក្នុងទីក្រុងញូវយ៉ក រួមគ្នាជាមួយប្រទេសចំនួន១៤ផ្សេងទៀត បារាំង សូមអំពាវនាវជារួមថាយើងសូមបង្ហាញពីបំណងប្រាថ្នារបស់យើងដើម្បី ទទួលស្គាល់ រដ្ឋប៉ាឡេស្ទីន និងជំរុញឱ្យបណ្ដាប្រទេសដែលមិនទាន់ទទួលស្គាល់ចូលរួមជាមួយពួកយើង»។
គួរបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដា បាននិយាយថាបារាំងនឹងប្រកាសទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅខែកញ្ញាខាងមុខ អំឡុងមហាសន្និបាតអង្គការសហប្រជាជាតិ ជាមួយក្ដីសង្ឃឹមថាការទទួលស្គាល់នេះនឹងនាំមកនូវសន្តិភាពឱ្យតំបន់មជ្ឈិមបូព៌ា។ កាលពីថ្ងៃអង្គារម្សិលមិញផងដែរ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានប្រកាសថាចក្រភពអង់គ្លេសនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ នៅខែកញ្ញាខាងមុខ ប្រសិនបើអ៉ីស្រាអែលមិនយល់ព្រមទទួលយកបទឈប់បាញ់ជាមួយ ហាម៉ាសទេនោះ៕
































