(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ញ៉ាប់ដៃញ៉ាប់ជើង ក្នុងការដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលទទួលបានពីសប្បុរសជននៅភ្នំពេញ ប្រញ៉ាប់ដឹកទៅជូនដល់វីរកងទ័ព តាមបន្ទាត់ព្រំដែនជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបាននិងកំពុង ជម្លៀសចេញពីផ្ទះសម្បែងមកទីកន្លែងសុវត្ថិភាព នៅខេត្តឧត្ដមានជ័យ និងខេត្តព្រះវិហារ។

លោក ឃួង ស្រេង បានថ្លែងទៀតថា ក្រុមការងារត្រូវរៀបចំគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ឱ្យបានលឿន ទៅតាមអ្វីដែលអាចធ្វើបាន ពោលគឺគ្រឿងឧបភោគ បរិភោគណា ដែលឆាប់ខូចត្រូវរៀបចំ និងដឹកបញ្ជូនទៅមុន។ ចំពោះគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវរៀបចំជាចំណែកស្មើៗគ្នា ក្នុងការផ្តល់ជូនទៅបញ្ជាអង្គរក្ស វីរកងទ័ពជួរមុខ វីរនគរបាលជើងការពារព្រំដែន ទាំងនៅព្រំដែនខេត្តឧត្ដមានជ័យ និងខេត្តព្រះវិហារ។
ក្រុមការងារបានញ៉ាប់ដៃញ៉ាប់ជើង រៀបចំឡើងរថយន្តជាបន្តបន្ទាប់ ទាំងរថយន្តកុងតឺន័រ និងរថយន្តដឹកសំភារៈជាច្រើនតោនជាដើម ពេលរៀបចំសំភារៈពេញ ចេញដំណើរភ្លាម។

លោក ហុក ហួលីម នាយរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅល្ងាចថ្ងៃទី៣០ កក្កដា ដដែលនេះថា គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដែលទទួលបាន ពីសប្បុរសជននៅភ្នំពេញ លោក ឃួង ស្រេង បានណែនាំឱ្យដឹកជញ្ជូនភ្លាមៗ ទៅកាន់ព្រំដែន ដោយក្នុងរយៈពេល៣ថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដឹកជញ្ជូនទៅចែកជូន ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន ដោយជម្លោះប្រដាប់អាវុធ បង្កឡើងដោយទាហានថៃនេះ បានចំនួន៦លើករួចហើយ។
ការបញ្ជូនគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ទាំង៦លើកនេះ ដឹកនាំដោយលោក ឯក ឃុនដឿន, លោក អ៊ឹម រ៉នហាស្សាន់ និងលោក សុខ ពេញវុធ អភិបាលរងរាជធានី, លោក ហ៊ុន សុរិទ្ឋី អភិបាលរង តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមម៉ោង ១៨៖០៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានពីសប្បុរសជននានា បានកើនឡើងដល់ជាង១,១២០,៥១៣,៥៧៩រៀល និងជាង៣៤៦,៧១៦.០០ដុល្លារអាមេរិក និងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារផ្សេងៗជាច្រើនមុខទៀត។ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរជួយជាតិខ្មែរ។
លោកស្រី សូមឱ្យសប្បុរសជន បន្តចូលរួមបរិច្ចាគជាបន្តបន្ទាប់ទៀត មករដ្ឋបាលរាជធានីភ្នំពេញ ដោយក្រុមការងារនៅចាំទទួលសំភារៈ និងថវិកាតាមរយៈ QR Code នៅសាលារាជធានីភ្នំពេញ៕


































