(វ៉ាស៉ីនតោន)៖ សេតវិមាន បានប្រកាសថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយបង្កើនការយកពន្ធលើទំនិញកាណាដា រហូតដល់ ៣៥ភាគរយ ដែលពីមុនត្រឹមតែ ២៥ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែសីហា ឆ្នាំ ២០២៥។

អត្រាការពន្ធថ្មីនេះ ត្រូវចូលជាធរមាននៅថ្ងៃទី១ ខែសីហានេះ។ សេតវិមានបានគូសបញ្ជាក់ថា «ឆ្លើយតបទៅនឹងការបន្តភាពអសកម្ម និងចំណាត់ការសងសឹករបស់កាណាដា លោកប្រធានាធិបតី ត្រាំ យល់ឃើញថា វាចាំបាច់ក្នុងការបង្កើនពន្ធលើកាណាដា ពីកម្រិត ២៥ភាគរយ ទៅ៣៥ភាគរយវិញ ដើម្បីដោះស្រាយតាមស្ថានភាព»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកាណាដា មានទំនិញ និងសេវាកម្មគិតជាទឹកប្រាប់រាប់ពាន់លានដុល្លារ ឆ្លងកាត់ព្រំដែនជារៀងរាល់ថ្ងៃ។ ទំនាក់ទំនងពាណិជ្ជកម្មដ៏ធំនេះ បានចាក់បញ្ចូលយ៉ាងជ្រៅទៅក្នុងលំហូរនៃការវិនិយោគ គ្រាដែរភាពតានតឹងពាណិជ្ជកម្ម កំពុងក្លាយជាបញ្ហាចម្បងដែលអាចជះឥទ្ធិពល ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ៕
































