
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់ថា នៅថ្ងៃចន្ទ ទី០៤ ខែសីហា ឆ្នាំ២០២៥នេះ នៅទីតាំងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៉ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាប់បែកជាលំអិត ដោយបានបញ្ជាក់ថា គ្រាប់បែក MK-84 នេះ មានលេខ Lot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦។

មេស៉ីម៉ាក់កម្ពុជារូបនេះ បញ្ជាក់ទៀតថា លោក Len Austin ប្រធានអង្គការ Golden West ប្រចាំកម្ពុជា និងជាអតីតកងទ័ពម៉ារីនសហរដ្ឋអាមេរិក ខាងជំនាញគ្រាប់យុទ្ធភណ្ឌ ជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះនៃប្រទេសក្នុងតំបន់នេះ បានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែក MK-84 នេះ ក៏បានបញ្ជាក់អំពីអត្តសញ្ញាណគ្រាប់បែក MK-84នេះផលិតនៅឆ្នាំ១៩៩៦ និងអាចសៀមទិញពីក្រុមហ៊ុន IMI (Israel Military Industries) របស់អ៉ីស្រាអ៊ែលបានទទួលសិទ្ធផលិត និងលក់គ្រាប់បែកត្រកូល MK នេះ។

លោក ហេង រតនា បានសង្កត់ធ្ងន់ថា «គ្រាប់បែក MK-84 នេះផលិតក្នុងឆ្នាំ១៩៩៦ ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែក ក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣កើតទេ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ»៕


































