រាជរដ្ឋាភិបាលអង់គ្លេស ប្រកាសផ្តល់អាហារូបករណ៍ «Chevening» ដល់និស្សិតកម្ពុជា, បើកទទួលពាក្យចាប់ពីថ្ងៃទី៥ ខែសីហា ដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៥

(ភ្នំពេញ)៖ ការដាក់ពាក្យអាហារូបករណ៍ «Chevening» ទៅសិក្សានៅចក្រភពអង់គ្លេស បានបើកទទួលពាក្យចាប់ពីថ្ងៃទី៥ ខែសីហា ដល់ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៥, អ្នកមានបំណងធ្វើការដាក់ពាក្យ សុំចូលទៅកាន់គេហទំព័រតាមរយៈ https://www.chevening.org/apply/ អាហារូបករណ៍នេះផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ ១០០ភាគរយ ដល់និស្សិតជ័យលាភី ទៅបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យចក្រភពអង់គ្លេស ដល់បុគ្គលណាដែលបានត្រៀមខ្លួនជាស្រេចក្នុងការដឹកនាំការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេស និងទូទាំងពិភពលោក។

អស់រយៈពេលជាង ៤០ឆ្នាំហើយដែលអាហារូបករណ៍ Chevening បានទទួលការដាក់ពាក្យរាប់ម៉ឺនពាក្យទូទាំងពិភពលោក។ រាល់និស្សិតជ័យលាភីទាំងអស់ ពួកគាត់គឺជាបុគ្គលដែលអាចបង្ហាញយ៉ាងច្បាស់ពីភាពជាអ្នកដឹកនាំ ការមានឥទ្ធិពល និងជំនាញក្នុងការទំនាក់ទំនងតាមរយៈ ការបង្ហាញពីឧទាហរណ៍ជាក់ស្តែងរបស់ពួគគេផ្ទាល់។

លោកស្រី Emma Hennessey ប្រធានផ្នែកអាហារូបករណ៍ប្រចាំនៅ UK Foreign, Commonwealth and Development Office (FCDO) បានមានប្រសាសន៍ថា ដំណើរការជ្រើសរើសនិស្សិតជ័យលាភី គឺមានការប្រកួតប្រជែងខ្ពស់ ដើម្បីធានាថាអ្នកដែលត្រូវបានជ្រើសរើសទទួលបាន អាហារូបករណ៍ Chevening គឺជាបុគ្គលតំណាងឱ្យអ្នកដែលមានភាពលេចធ្លោ នឹងមានគំនិតជាអ្នកដឹកនាំល្អនៅលើពិភពលោក។ នៅពេលដែលអតីតនិស្សិតអាហារូបករណ៍ Chevening ត្រលប់មកប្រទេសគេវិញ ពួកគេបានប្រើប្រាស់ការសិក្សាលំដាប់ពិភពលោក បណ្តាញទំនាក់ទំនងដ៏ទូលំទូលាយ និងភាពជឿជាក់ដែលទទួលបានមកពីចក្រភពអង់គ្លេស មកបង្កើតឱ្យមានការផ្លាស់ប្តូរដ៏អស្ចារ្យ និងមាននិរន្តរន៍ភាព មិនថាតែការដោះស្រាយបញ្ហាពិភពលោក ឬក៏ដោយការបង្កើតឱ្យមានលទ្ធផលល្អៗនៅក្នុងសហគមន៍របស់ពួកគេនោះទេ។ ប្រសិនបើអ្នកអាចបង្ហាញសមត្ថភាពដែលត្រូវការចាំបាច់ ដើម្បីចូលរួមជាមួយនឹងនិស្សិតជ័យលាភីបាន ដោយអាចបង្ហាញពីភាពជាអ្នកដឹកនាំដែលលេចធ្លោ ការធ្វើឱ្យមានឥទ្ធិពល និងមានជំនាញទំនាក់ទំនងច្បាស់លាស់ សូមលើកទឹកចិត្តឲ្យធ្វើការដាក់ពាក្យ។

លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានមានប្រសាសន៍ថា ប្រសិនបើអ្នកជាមនុស្សម្នាក់ដែលស្រឡាញ់ការជម្រុញឱ្យមានការផ្លាស់ប្តូរ មិនថានៅក្នុងកម្រិតមូលដ្ឋាន ឬជាសកល ហើយប្រសិនជាអ្នកចង់ក្លាយជាមនុស្សពូកែបំផុតទៅលើអ្វីដែលអ្នកធ្វើ អ្នកមានក្តីស្រមៃលើកទឹកចិត្តអ្នកដ៏ទៃ នោះអាហារូបករណ៍ Chevening អាចជាឱកាសដ៏ល្អឥខ្ចោះសម្រាប់អ្នក។ មិនមានអ្វីដែលកំណត់ថានិស្សិតគួរតែមានលក្ខណៈបែបណានោះទេ។ សម្រាប់ការដាក់ពាក្យ អាយុ ពណ៌សម្បុរ ភេទ សាសនា និងវប្បធម៌ របស់អ្នកដាក់ពាក្យ មិនមែនជាកត្តាសំខាន់នោះទេ។ អ្វីដែលពួកយើងចង់ឃើញថា អ្នកមានថាមពល មានការចង់ដឹង មានផែនការអនាគត និងសម្ថភាពក្នុងការសម្រេចនូវគោលដៅរបស់អ្នកច្បាស់លាស់។

ប្រសិនបើអ្នកមានលក្ខខណ្ឌទាំងនេះ នោះអ្នកអាចនឹងសាកសមចូលរួមជាសមាជិកជាមួយសហគមន៍អតីតនិស្សិតដែលមានជាង ៦០០០០នាក់នៅទូទាំងពិភពលោកបានហើយ។ បណ្តាញអតីតនិស្សិតជ័យលាភី គឺជាអ្នកមានឥទ្ធិពល បានរំលែកបទពិសោធន៍ដូចគ្នាដែលអ្នកចង់ធ្វើដែរ។ ពួកគាត់អាចផ្តល់ការលើកទឹកចិត្ត ការណែនាំ ដំបូន្មាន និងទំនាក់ទំនងល្អដល់អ្នក។ នៅពេលដែលអ្នកត្រឡប់មកកាន់ប្រទេសអ្នកវិញ បន្ទាប់ពីបញ្ចប់ការសិក្សារបស់អ្នក អ្នកនឹងមានអារម្មណ៍ថាអ្នកមានជំនាញច្បាស់លាស់ ដើម្បីចាប់ផ្តើមធ្វើឲ្យមានការផ្លាស់ប្តូរពិតប្រាកដនៅក្នុងប្រទេសកម្ពុជា។ សូមធ្វើការដាក់ពាក្យឱ្យបានមុនថ្ងៃផុតកំណត់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ហើយអ្នកអាចនឹងក្លាយជាសមាជិកក្នុង សហគមន៍ដ៏អស្ចារ្យរបស់យើងផងដែរ។

អ្នកដែលមានបំណងធ្វើការដាក់ពាក្យ មុនពេលដាក់ពាក្យ ពួកយើងសូមលើកទឹកចិត្តអ្នកដាក់ពាក្យឱ្យពិនិត្យមើលព័ត៌មានឱ្យបានច្បាស់លាស់ នៅលើគេហទំព័រ https://www.chevening.org/resource-hub/guidance/ និងមើលថាតើពួកគេមានលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការដាក់ពាក្យប្រកួតប្រជែងឬអត់៕