(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៉ី នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥នេះ ភាគីកម្ពុជា-ថៃ បានបន្តប្ដេជ្ញាចិត្ត ដើម្បីអនុវត្តតាមអនុស្សារណៈយោគយល់ដែលសម្រេចបាននៅឯកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះរួមមានបទឈប់បាញ់ និងការបង្កើតក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ីដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់។

កិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងភាគីថៃដឹកនាំដោយ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ ក្រោមការសម្របសម្រួលពីនាយករដ្ឋមន្ដ្រីម៉ាឡេស៉ី ដែលជាប្រធានអាស៊ានប្ដូរវេន និងមានការចូលរួមពីតំណាងសហរដ្ឋអាេមរិក និងសាធារណៈរដ្ឋប្រជាមានិតចិនផងដែរ។
ក្នុងកិច្ចព្រមព្រៀងចំណុចទី១០ បានបញ្ជាក់ខ្លឹមសារយ៉ាងដូច្នេះថា «ភាគីទាំងសងខាងបន្តប្ដេជ្ញាចិត្តដើម្បីអនុវត្តតាមអនុស្សារណៈយោគយល់ ដែលសម្រេចបាននៅឯកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះរួមមានបទឈប់បាញ់ និងការបង្កើតក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ីដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់»។

ជាមួយគ្នានេះដែរ យោងទៅលើក្រុមអ្នកអង្កេតការណ៍អាស៊ានដឹកនាំដោយម៉ាឡេស៊ី តាមការឯកភាពគ្នាដោយភាគីទាំងសងខាងក្នុងទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមអ្នកអង្កេតការណ៍បណ្ដោះអាសន្ន (IOT) រួមមានអនុព័ន្ធយោធានៃរដ្ឋជាសមាជិកអាស៊ានដែលទទួលស្គាល់ដោយកម្ពុជា ឬថៃ ដឹកនាំដោយអនុព័ន្ធយោធា ម៉ាឡេស៊ី នឹងត្រូវបានបង្កើតឡើងដាច់ដោយឡែកពីគ្នា និងដោយឯករាជ្យ ក្នុងប្រទេសទាំងសងខាង កម្ពុជា និងថៃ ដើម្បីត្រួតពិនិត្យលើភាគីម្ខាងៗ លើការអនុវត្ត បទឈប់បាញ់ផ្អែកលើមូលដ្ឋានជាទៀតទាត់។ សមាសភាព IOT នៃប្រទេសនីមួយៗត្រូវបានអញ្ជើញដោយឯករាជ្យដោយប្រទេសជាម្ចាស់ផ្ទះនៅក្នុង ការពិគ្រោះយោបល់ជាមួយម៉ាឡេស៊ី។
ក្រុមអ្នកអង្កេតការណ៍បណ្ដោះអាសន្ន IOT នឹងធ្វើប្រតិបត្តិការដោយឆ្លងកាត់ព្រំដែន និងធ្វើការក្រោមការសម្របសម្រួល ព្រមទាំងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយ RBC និង GBC នៃប្រទេសទាំង សងខាង។

សូមជម្រាបថា កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីនៃព្រះរាជាណាចក្រថៃ នៅក្នុងកិច្ចប្រជុំពិសេស នៅទីក្រុង Putrajaya, ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដែលសហរៀបចំដោយម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដោយមានការចូលរួមដ៏សកម្មពីសាធារណរដ្ឋប្រជាមានិតចិន៕



































