(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានទទូចឲ្យភាគីថៃប្រគល់យោធិនកម្ពុជាទាំង១៨រូប ត្រឡប់មកប្រទេសកម្ពុជាវិញជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ បន្ទាប់ពីភាគីថៃបានចាប់ខ្លួនយោធិនកម្ពុជា នៅក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់ ហើយមកទល់ពេលនេះមិនទាន់ប្រគល់ត្រឡប់មកវិញនៅឡើយទេ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ តាមរយៈការសង្ខេបព័ត៌មាន នៃលទ្ធផលការអនុវត្តបទឈប់បាញ់ បានគូសបញ្ជាក់ថា កម្ពុជារក្សាជំហរប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ គ្រាដែលថៃនៅតែបន្ដការព្រួយបារម្ភទាំងផ្លូវច្បាប់ និងសីលធម៌ ជុំវិញការបន្ដឃុំខ្លួនយោធិនកម្ពុជាទាំង១៨រូបនេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាសូមគូសបញ្ជាក់ជាថ្មីម្ដងទៀត នូវការអំពាវនាវរបស់ខ្លួនសូមឲ្យមានការធ្វើមាតុភូមិនិវត្តន៍ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌចំពោះយោធិនកម្ពុជាទាំង១៨រូបនេះ ហើយទាមទារឲ្យប្រទេសថៃផ្ដល់អាទិភាពចំពោះកិច្ចសន្ទនាដោយសុច្ចចិត្ត និងកាត់បន្ថយភាពតានតឹងក្នុងស្មារតីសន្ដិភាព និងកិច្ចសហប្រតិបត្តិការ»។
បើតាមលោក ជុំ សុន្ទរី, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ វាយតម្លៃខ្ពស់ចំពោះដំណើរសាកសួរសុខទុក្ខរបស់គណៈកម្មាធិការអន្ដរជាតិកាកបាទក្រហម ដែលនឹងជួយធានាថា សិទ្ធិជាមូលដ្ឋាន និងភាពថ្លៃថ្នូររបស់យោធិនកម្ពុជាទាំង១៨រូបត្រូវបានគោរព ស្របទៅតាមការកំណត់ក្នុងអនុសញ្ញាទីក្រុងហ្ស៉ឺណែវ ឆ្នាំ១៩៤៩។
កម្ពុជាចាត់ទុកថា ដំណើរសួរសុខទុក្ខនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកតម្លាភាព និងការគោរពតាមច្បាប់មនុស្សធម៌អន្ដរជាតិ ប៉ុន្ដែកម្ពុជានៅរក្សាជំហរប្រកបដោយការប្រុងប្រយ័ត្ន ដោយសង្កត់ធ្ងន់ថា ការបន្ដឃុំឃាំងយោធិនកម្ពុជាទាំង១៨រូប ដែលត្រូវបានចាប់ខ្លួនក្នុងពេលកំពុងអនុវត្តបទឈប់បាញ់ គឺបានបង្កឡើងនូវការព្រួយបារម្ភ ទាំងផ្នែកច្បាប់ ទាំងផ្នែកសីលធម៌។
សូមជម្រាបថា ថៃធ្លាប់បានគូសបញ្ជាក់ថា កងយោធិនរបស់កម្ពុជានឹងត្រូវបានដោះលែង និងធ្វើមាតុភូមិនិវត្តន៍ភ្លាមនៅពេលដែលអរិភាពរវាងប្រទេសទាំងពីរត្រូវបានបញ្ចប់ ដូចដែលបានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសថៃកាលពីពេលកន្លងទៅ៕
































