លោក ត្រាំ យល់ព្រមថា អ៊ុយក្រែនត្រូវតែចូលរួមចរចារឿងទឹកដីជាមួយរុស្ស៊ី, នេះបើតាមការលើកឡើងរបស់លោក ម៉ាក្រុង

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានប្រកាសកាលពីថ្ងៃពុធថា លោក ដូណាល់ ត្រាំ បានយល់ព្រមថា អ៊ុយក្រែនត្រូវតែមានសិទ្ធិសម្រេចចុងក្រោយលើកិច្ចចរចាទឹកដីណាមួយជាមួយរុស្ស៊ី។ ការប្រកាសនេះបានផ្តល់នូវក្តីសង្ឃឹមដល់សម្ព័ន្ធមិត្តអឺរ៉ុបថា សាររបស់ពួកគេត្រូវបានលោក ត្រាំ ទទួលយក មុនពេលជំនួបកំពូលរបស់លោកជាមួយលោក វ្ល៉ាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការវិវត្តនេះបានកើតឡើង ក្រោយកិច្ចប្រជុំអនឡាញមួយរវាងលោក ត្រាំ, លោក ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប ដែលមានគោលបំណងបញ្ចៀសការព្រួយបារម្ភថា មេដឹកនាំអាមេរិក-រុស្ស៊ីអាចនឹងធ្វើកិច្ចព្រមព្រៀងមួយដែលប៉ះពាល់ដល់សន្តិសុខអ៊ុយក្រែន និងអឺរ៉ុប។

លោក ម៉ាក្រុង បានបញ្ជាក់យ៉ាងច្បាស់ថា «ចំណុចដែលប្រធានាធិបតី ត្រាំ បានបញ្ជាក់យ៉ាងច្បាស់នោះគឺ ទឹកដីដែលជាកម្មសិទ្ធិរបស់អ៊ុយក្រែន នឹងត្រូវចរចាដោយប្រធានាធិបតីអ៊ុយក្រែនតែប៉ុណ្ណោះ»។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏បានគាំទ្រការលើកឡើងនេះដែរ ដោយបន្ថែមថា ខណៈបទឈប់បាញ់ជាអាទិភាព «ការទទួលស្គាល់ការកាន់កាប់របស់រុស្ស៊ីដោយស្របច្បាប់ មិនមែនជាប្រធានបទសម្រាប់ជជែកវែកញែកទេ»

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ លោក ហ្សេលេនស្គី បានស្នើសុំឱ្យមានជំនួបត្រីភាគីរវាងរូបលោក លោក ពូទីន និងលោក ត្រាំ។ លោក Merz បានបញ្ចប់ដោយការសន្យាផ្តល់ការគាំទ្រពេញទំហឹងដល់លោក ត្រាំ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាពរបស់លោក ការពារផលប្រយោជន៍របស់អ៊ុយក្រែន និងអឺរ៉ុបពិតប្រាកដមែន៕