រដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមកិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិតអាស៊ាន នៅម៉ាឡេស៊ី ឆ្នាំ២០២៥

(កូឡាឡាំពួរ)៖ តបតាមការអញ្ជើញរបស់លោក Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថលនៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង «កិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិតអាស៊ាននៅម៉ាឡេស៊ីឆ្នាំ២០២៥» (ASEAN AI Malaysia Summit 2025) ដែលកម្មវិធីបើកនៃកិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។



កិច្ចប្រជុំនេះ រៀបចំឡើងដោយក្រសួងឌីជីថលនៃប្រទេសម៉ាឡេស៊ី ដើម្បីបង្ហាញអំពីការអភិវឌ្ឍ និងជំរុញកិច្ចសហការផ្នែកបញ្ញាសិប្បនិម្មិតនៅអាស៊ាន ជាពិសេសកិច្ចខំប្រឹងប្រែង និងសមិទ្ធផលរបស់ម៉ាឡេស៊ី ដោយមានការចូលរួមពីរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ នៃក្រសួងទទួលបន្ទុកវិស័យឌីជីថល នៃបណ្តាប្រទេសអាស៊ាន អង្គការអន្តរជាតិ និងវិស័យឯកជន សរុបប្រមាណ៥,០០០នាក់។

ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានអញ្ជើញជាវាគ្មិនក្នុងកិច្ចពិភាក្សា ជាមួយសមភាគីប្រទេសម៉ាឡេស៊ី និងប្រទេសព្រុយណេ ដោយបានចែករំលែកអំពីការរៀបចំ សេចក្ដីព្រាង យុទ្ធសាស្ត្រជាតិ ស្ដីពីបញ្ញាសិប្បនិម្មិត ដើម្បីបម្រើទិសដៅអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា អាទិភាពផ្នែកសុវត្ថិភាពបញ្ញាសិប្បនិម្មិតនៅកម្ពុជា និងការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើសមាហរណកម្មអភិបាលកិច្ចបញ្ញាសិប្បនិម្មិតក្នុងតំបន់ ជាអាទិ៍តាមរយៈការរៀបចំក្របខណ្ឌគតិយុត្ត និងគោលនយោបាយផ្នែកកិច្ចការពារទិន្នន័យបុគ្គល សន្តិសុខសាយប័រ បច្ចេកវិទ្យាក្លោដ អភិបាលកិច្ចទិន្នន័យ និងសីលធម៌បញ្ញាសិប្បនិម្មិត។

លោករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើប្រធានបទ «អភិក្រមរួមរបស់អាស៊ានសម្រាប់បញ្ញាសិប្បនិម្មិតប្រកបដោយការទទួលខុសត្រូវនិងទំនុកចិត្តឌីជីថល»។

ដើម្បីពង្រឹងកិច្ចសហការនិងចែករំលែកដំណើរការបរិវត្តកម្មឌីជីថល ឯកឧត្ដមរដ្ឋមន្រ្តីបានជួបប្រជុំទ្វេភាគីដោយឡែកពីគ្នា ជាមួយលោក Gobind Singh Deo លោក Pengiran Dato Shamhary Pengiran Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងគមនាគមន៍ព័ត៌មាននៃប្រទេសព្រុយណេ លោក Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ប្រទេសទីម័រ និងលោក David L. Almirol អនុរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃប្រទេសហ្វ៊ីលីពីន។

លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបសម្ដែងការគួរសមដោយឡែកពីគ្នាពីសំណាក់ លោក Terry He នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វ៊ិកនៃក្រុមហ៊ុន Huawei និង លោក Khailee Ng នាយកក្រុមហ៊ុន 500 Global ដែលជាក្រុមហ៊ុនវិនិយោគលើធុរកិច្ចថ្មីផ្ដោតលើវិស័យឌីជីថល។

ជំនួប និងកិច្ចប្រជុំទាំងនេះ មានគោលបំណងពង្រឹងទំនាក់ទំនងក្នុងតំបន់ និងស្វែងរកការគាំទ្រនិងចូលរួមក្នុងគម្រោងសំខាន់ៗពាក់ព័ន្ធនឹងវិស័យឌីជីថលនៅកម្ពុជា សំដៅពង្រឹងប្រព័ន្ធអេកូឡូស៊ីឌីជីថលរឹងមាំ រស់រវើក និងប្រកបដោយទំនុកចិត្ត៕