(ភ្នំពេញ)៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ករណីផ្ទុះមីនមិនអាចកើតឡើងបានទេ បើកងទ័ពថៃគោរពកិច្ចព្រមព្រៀង ដោយឈរជើងនៅកន្លែងដដែលក្រោយកិច្ចព្រមព្រៀង។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសរៀបចំសង្ខេបព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» គិតត្រឹមម៉ោង១១ព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

ការផ្ទុះអាវុធរវាងកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ការប្រយុទ្ធគ្នានេះបានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់។
ក្រោយកិច្ចប្រជុំជុំវិញបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញបទឈប់បាញ់បន្ទាន់ និងឥតលក្ខខណ្ឌ ដែលចូលជាធរមាននៅវេលាម៉ោង២៤៖០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ តាំងពីបទឈប់បាញ់ចូលជាធរមាន កម្ពុជាមិនដែលល្មើសម្តងណាឡើយ។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ករណីផ្ទុះមីន មិនអាចកើតមានទេ បើសិនកងទ័ពថៃគោរពកិច្ចព្រមព្រៀង ឈប់បាញ់ ឲ្យបានខ្ជាប់ខ្ជួន ដោយរក្សាកម្លាំងឈរជើង នៅកន្លែងដដែល ក្រោយពេលកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមាន នៅពាក់កណ្តាលអាធ្រាត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥»។
បើតាមលោក ប៉ែន បូណា កម្ពុជាសូមអំពាវនាវដោយទទូចឱ្យភាគីថៃគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ និងដោយស្មោះត្រង់នូវបទឈប់បាញ់ ហើយឈប់លើកយកករណីផ្ទុះមីន មកបំភាន់សហគមន៍អន្តរជាតិ ដើម្បីបិទបាំងចំពោះការបំពានបទឈប់បាញ់របស់ខ្លួន៕































