តួលេខអ្នកស្លាប់នៅរដ្ឋធានីកៀវរបស់អ៊ុយក្រែន កើនដល់ «១៤នាក់» ក្រោយរុស្ស៊ីវាយប្រហារ

(កៀវ)៖ អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា មនុស្សយ៉ាងតិច ១៤នាក់ ក្នុងនោះមានកុមារ ៣នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហាររបស់រុស្ស៊ីមកលើរដ្ឋធានីកៀវ កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ចំពោះសោកនាដកម្មនេះ អភិបាលក្រុងកៀវបានប្រកាសយកថ្ងៃសុក្រ ទី២៩ ខែសីហា ជាទិវាកាន់ទុក្ខជាផ្លូវការ។ លោក Vitaliy Klitschko បានសរសេរនៅលើ Telegram ថា «ថ្ងៃស្អែក ទី២៩ ខែសីហា ត្រូវបានប្រកាសជាទិវាកាន់ទុក្ខនៅទីក្រុងកៀវ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ធជនរងគ្រោះនៃការវាយប្រហារដ៏ធំរបស់សត្រូវមកលើរដ្ឋធានី»។ លោកបានបន្ថែមថា ទង់ជាតិនឹងត្រូវបង្ហូតចុះ ហើយកម្មវិធីកម្សាន្តនានានឹងត្រូវហាមឃាត់។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចេញសារថ្កោលទោសយ៉ាងខ្លាំងក្លា ដោយចាត់ទុកទង្វើនេះថាជា «ការសម្លាប់ជនស៊ីវិលដោយចេតនា និងគួរឲ្យរន្ធត់»។ លោកបានសង្កត់ធ្ងន់ថា ការវាយប្រហារនេះ គឺជាចម្លើយរបស់រុស្ស៊ីចំពោះការអំពាវនាវឲ្យមានបទឈប់បាញ់ ដោយលោកបានថ្លែងចំៗថា «រុស្ស៊ីជ្រើសរើសផ្លោងមីស៊ីល ជំនួសឲ្យតុចរចា» ព្រមទាំងបានបន្តអំពាវនាវឱ្យអន្តរជាតិ បញ្ចេញប្រតិកម្មធ្ងន់ៗនិងជាបន្ទាន់ ចំពោះទង្វើរបស់រុស្ស៉ីនេះ។

គួរបញ្ជាក់ថា ការវាយប្រហារនេះបានបង្កការខូចខាតនៅទូទាំង ៨ខណ្ឌនៃរដ្ឋធានី។ ជាពិសេសនៅខណ្ឌ Darnytskyi ផ្នែកមួយនៃអគារស្នាក់នៅកម្ពស់ ៥ជាន់ត្រូវបានបំផ្លាញទាំងស្រុង ហើយប្រតិបត្តិការកំពុងបន្តស្វែងរកអ្នកដែលជាប់នៅក្រោមគំនរបាក់បែក។ ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអ៊ុយក្រែន លោកស្រី Katarina Mathernova ក៏បានបញ្ជាក់ដែរថា អាគារប្រតិភូសហភាពអឺរ៉ុបនៅទីក្រុងកៀវ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសាររលកផ្ទុះ៕