មីស៉ីលរុស្ស៉ី វាយប្រហារអ៊ុយក្រែន ធ្វើឱ្យខូចខាតការិយាល័យរបស់ EU និងអង់គ្លេស

(កៀវ)៖ រុស្ស៉ី បាន​វាយលុក​អ៊ុយក្រែន​ជាមួយ​មីស៉ីល និង​ដ្រូន ​កាល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ដោយ​បេសកជន​ពិសេស​អាមេរិក​ទទួល​បន្ទុក​កិច្ចការអ៊ុយក្រែន​និយាយ​ថា​ វាបាន​ធ្វើ​ឱ្យ​ខូច​ដល់​កិច្ច​ប្រឹងប្រែង​សន្តិភាព​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៩ ខែសីហា ឆ្នាំ ២០២៥។

ប្រធានរដ្ឋបាលយោធាក្រុងកៀវ លោក Tymur Tkachenko បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ២៣នាក់ត្រូវបានសម្លាប់ ហើយកិច្ចប្រឹងប្រែងជួយសង្រ្គោះកំពុងបន្ត។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា វាជាការវាយប្រហារដ៏ធំបំផុតទីពីរ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៉ី នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

បេសកជនពិសេសអាមេរិក លោក Keith Kellogg បានបង្ហោះសារតាមបណ្តាញសង្គម X ថា «គោលដៅ គឺមិនមែនទាហាន និងអាវុធទេ ប៉ុន្តែជាតំបន់លំនៅដ្ឋានក្នុងទីក្រុងកៀវ ការផ្ទុះរថភ្លើងដែលមានជនស៉ីវិល ការិយាល័យក្រុមប្រឹក្សាបេសកកម្ម EU និងចក្រអង់គ្លេស»

EU និងអង់គ្លេស បានកោះហៅបេសកជនរុស្ស៉ី មកសម្តែងការតវ៉ា។ តាមលោក ហ្សេលេនស្គី ការវាយប្រហាររបស់រុស្ស៉ី ក៏បានធ្វើឱ្យប៉ះពាល់ដល់​សហគ្រាសមួយរបស់​តួកគី និង​ស្ថានទូត​អាស៊ែបៃហ្សង់​ផង​ដែរ។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានឱ្យដឹងថា លោក ត្រាំ មិនសប្បាយចិត្តទេចំពោះព័ត៌មាននេះ ប៉ុន្តែលោកក៏មិនភ្ញាក់ផ្អើលដែរ ហើយលោក នឹងមានអ្វីត្រូវនិយាយ​បន្ថែម​ទៀត​​នៅ​ពេល​ក្រោយ៕