(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃចន្ទ ទី១ ខែកញ្ញា បានរាយការណ៍ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យខ្សែច្រវ៉ាក់ផលិតកម្ម មីស៊ីលថ្មី និងដំណើរការផលិតមីស៊ីលដោយម៉ាស៊ីនស្វ័យប្រវត្តិ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដំណើរទស្សនកិច្ចរបស់លោក គីម កាលពីថ្ងៃអាទិត្យ ទី៣១ ខែសីហា ចុះត្រួតពិនិត្យខ្សែច្រវ៉ាក់ផលិតកម្មមីស៊ីល កើតមានឡើងមុននឹងរូបលោកគ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីចូលរួមក្នុងពិធីព្យុហយាត្រាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុងប៉េកាំង។ កូរ៉េខាងជើងកំពុងស្ថិតនៅក្រោមទណ្ឌកម្ម របស់អន្តរជាតិជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទីគ ដែលត្រូវបានចោទថាបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ប៉ុន្តែ ក្រុមអ្នកជំនាញ និងក្រុមមន្ត្រីអន្តរជាតិបាននិយាយថាទណ្ឌកម្មបានបាត់បង់ប្រសិទ្ធភាព នៅចំពោះមុខការកើនឡើងទំនាក់ទំនងសេដ្ឋកិច្ច យោធា និងនយោបាយរបស់កូរ៉េខាងជើង ជាមួយចិន និងរុស្ស៉ី។ តាម KCNA លោក គីម បាននិយាយថាដំណើរការផលិតដែលត្រូវបានធ្វើទំនើបកម្មនឹងជួយពង្រឹងការត្រៀមលក្ខណៈប្រយទ្ធរបស់កងអង្គភាពមីស៊ីលរបស់ កូរ៉េខាងជើង។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទនេះដែរ ក្រសួងការបរទេសកូរ៉េខាងជើងបានថ្កោលទោសលើកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិកជាមួយកូរ៉េខាងត្បូង និងជប៉ុន ដោយចង់សំដៅលើ សេចក្ដីថ្លែងការណ៍រួមពីប្រទេសទាំង៣ ដែលព្រមានពីការគំរាមកំហែងសន្តិសុខសាយប័របង្កឡើងដោយកូរ៉េខាងជើង៕
































